ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយថា អ្នកឧកញ៉ាសុខ គង់ជាអ្នកណា ហើយមានជំនួញអ្វីខ្លះ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានដឹងពីខ្សែជីវិតរបស់អ្នកឧកញ៉ា ក្នុងមុខជំនួញ ដែលអាចឱ្យអ្នកឧកញ៉ាទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។
នៅថ្ងៃនេះពីគេហទំព័រPropertyarea.asia នឹងលើកយកខ្សែជីវិតនិងដំណើរការមុខជំនួញ ដែលអាចឱ្យអ្នកឧកញ៉ាទទួលបានជោគជ័យ។
អ្នកឧកញ៉ាបានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលកន្លងមកនេះឱ្យដឹងថា “ភាពក្លាហាន ការប្រថុយប្រថាន និងឱកាសហុចឱ្យនៅក្នុងដៃ គឺជាអ្វីដែលយើងត្រូវហ៊ានធ្វើ ដើម្បីទទួលបានជោគជ័យ”។
តាមរយៈអ្វីដែលយើងស្ដាប់បាន ពីអ្នកឧកញ៉ារៀបរាប់នោះហើយចាំមិនភ្លេចនោះ គឺការប្រថុយយកជីវិតធ្វើដើមទុន ដោយមិនទាន់មានអ្វីទាល់តែសោះ តែហ៊ានទទួលយកនូវសំណើររបស់ដៃគូខ្លួន ដោយសារតែមើលឃើញឱកាស និងអត្ថប្រយោជន៍នៅខាងមុខ ទើបធ្វើឱ្យជីវិតបានប្រសើរឡើង។
អ្នកឧកញ៉ាបានរំលឹកអតីតកាលរបស់លោកថា ក្រោយបែកពីសម័យប៉ុល ពតក្នុងឆ្នាំ១៩៧៩ លោកមានតែមាស១ជីកន្លះប៉ុណ្ណោះ ដើម្បីធ្វើដើមទុន ហើយបូករួមនឹងជំនួយរបស់អង្គការនានាផង។
អាជីវកម្មកាលនោះ គឺយកវត្ថុដើមសម្រាប់ផលិតសំបកកង់ ទៅកាន់ប្រទេសវៀតណាម ហើយនាំចូលពុម្ពសំបកកង់មកស្រុកខ្មែរ។ ពេលយើងមានលទ្ធភាពកាន់តែច្រើន យើងកុម្មង់ពុម្ពសំបកកង់កាន់តែច្រើន មកស្រុកខ្មែរដើម្បីធ្វើជាដើមទុន។
អ្នកឧកញ៉ាបានបន្តថា “ជំនាន់នោះ តម្រូវការពុម្ពសំបកកង់មានច្រើនណាស់ និងពេញនិយម”។ អ្នកឧកញ៉ាបន្តថា “នៅថ្ងៃមួយមានកងទ័ពមកកុម្មង់ស្បែកជើងសំបកកង់ រហូតដល់៥ម៉ឺនគូ។ ដោយសារតែភាពក្លាហាន និងមិនទាន់មានពុម្ព សម្រាប់ផលិតស្បែកជើងផង ក៏ទទួលយកកុម្មង់របស់គេនិងសុំលុយកក់មុន”។
រយៈពេលប៉ុន្មានគេក៏ទំលាក់លុយ បន្ទាប់មកលោកទៅប្រទេសវៀតណាម ដើម្បីកុម្មង់ពុម្ពស្បែកជើងមកធ្វើស្បែកជើងជូនកងទ័ព ។ តាំងពីនោះមកលោក ក៏មានដើមទុនពង្រីកអាជីវកម្មជាបន្តបន្ទាប់រហូតមក។
ឧកញ៉ាបានបញ្ជាក់ថា “អ្វីដែលសំខាន់ សម្រាប់ម្ចាស់អាជីវកម្ម ត្រូវធ្វើនោះ គឹត្រូវចុះមើលដោយផ្ទាល់និងជាប់ជានិច្ច ដើម្បីរៀនសូត្រផង និងធ្វើដំណើរការទៅមុខផង”។
គិតមកដល់សព្វថ្ងៃនេះ អ្នកឧកញ៉ាសុខគង់ មានអាជីវកម្មសណ្ឋាគារ លំដាប់ផ្កាយ៥ ប្រេងឥន្ធនៈ និងអចលនទ្រព្យជាច្រើនទៀត ពិសេសអ្នកឧកញ៉ាកំពុងអភិវឌ្ឍន៍ទីក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត ដែលមានផ្ទៃដីទំហំរហូតដល់៣០,០០០ហិកតា៕