៦ខែដើមឆ្នាំ២០២២ ចរន្តទិញលក់ខុនដូក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាង២០២១

0

ដោយវឌ្ឍនា

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ ចរន្តទិញលក់ខុនដូក្នុងទីផ្សារប្រទេសកម្ពុជាឃើញថាចាប់ផ្ដើមមានសន្ទុះឡើងវិញក្រោយពេលរដ្ឋាភិបាលបានបើកប្រទេសឡើងវិញបើកសេដ្ឋកិច្ចឡើងវិញនិងធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលជាងមុន គួបផ្សំនឹងការហូរចូលនៃទេសចរបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាឡើងវិញផងដែរ ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ថា ទាក់ទងនឹងទីផ្សារខុនដូក្នុងប្រទេសកម្ពុជារយៈពេល៦ខែកន្លងមកនេះ ឃើញថាមានភាពល្អប្រសើរជាងកាលពី៦ខែដើមឆ្នាំ២០២១ ។

កត្តាសំខាន់ដែលជំរុញឱ្យទីផ្សារនេះមានភាពល្អប្រសើរឡើងវិញនោះ រួមមានស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានប្រសើរ ការប្រកបអាជីវកម្មរបស់ពលរដ្ឋក៏ត្រលប់មកធម្មតាវិញ ដែលធ្វើឱ្យចំណូលពលរដ្ឋក៏កើនឡើងវិញក្នុងនោះទេសចរបរទេសក៏បានត្រលប់មកកាន់កម្ពុជា ដែលធ្វើឱ្យតម្រូវការនៃការទិញនិងជួលខុនដូក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមមានកំណើនឡើងវិញដែរ ។

លោកបន្តថា ដោយសារតែកំណើននៃប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូកាន់តែច្រើន ក្រុមហ៊ុនERA របស់លោកក៏បានផ្ដោតទៅលើអតិថិជនក្នុងស្រុក ដោយក្នុងនោះដែរ៩៥ភាគរយហើយនៃអតិថិជនរបស់ERA គឺជាអតិថិជនក្នុងស្រុកហើយក្រៅពីនោះអាចជាជនជាតិខ្មែររស់នៅក្រៅប្រទេសនិងជនបរទេស ។ ក្នុងចំណោមប្រជាពលរដ្ឋដែលទិញខុនដូក្នុងប្រទេសកម្ពុជា ជាមនុស្សដែលស្ថិតនៅក្នុងចន្លោះពីអាយុ៣៥ឆ្នាំ ទៅ៤៥ឆ្នាំ ដែលពួកគាត់គឺជាអ្នកជំនួញ ដែលមានអាជីវកម្មក្នុងដៃ និងបានយល់ដឹងពីការរស់នៅក្នុងខុនដូ ។

លោកគង្គាបន្ថែមថាខុនដូដែលមានទីតាំងនៅកណ្ដាលក្រុងជាទីតាំងដែលពេញនិយមសម្រាប់ការសាងសង់ខុនដូ ហើយអ្នកខ្លះទិញខុនដូមួយនៅកណ្ដាលរួចហើយស្នាក់នៅនិងធ្វើការនៅថ្ងៃចន្ទដល់ថ្ងៃសុក្រនិងទៅស្នាក់នៅផ្ទះមួយទៀតដែលទិញសម្រាប់ស្នាក់នៅថ្ងៃសៅ អាទិត្យ ។

ទន្ទឹមនឹងការកើនឡើងនៃចរន្តទិញលក់ខុនដូនេះដែរ គម្រោងមួយចំនួនបានការសហការជាមួយនឹងធនាគារ ដែលធ្វើឱ្យទំហំឥណទានសម្រាប់ទិញលគេហដ្ឋានមានកំណើនឡើងខ្ពស់នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ នេះ ។

តាមលោកចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព បានមានប្រសាសន៍ថាក្នុងរយៈពេល៦ខែកន្លងមកនេះ ទំហំ ឥណទានសម្រាប់ទិញគេហដ្ឋាននៅប្រទេសកម្ពុជាពីបណ្ដាធនាគារនានាទូទាំងប្រទេសមានចំនួនប្រមាណ៥០០លានដុល្លារអាមេរិក និងមានកំណើនប្រមាណ៧ភាគរយ ។សម្រាប់ធនាគារហ្វីលីពវិញក៏ឃើញថាមានទំហំកើនឡើងគួរសមដែររយៈពេល៦ខែមកនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here