ដោយ៖ សុផារី
ភ្នំពេញៈ ការផ្គត់ផ្គង់ផ្ទៃក្រឡាទីផ្សារលក់រាយ ឬផ្សារទំនើបមានចំនួនតិចតួច សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ហើយតម្លៃនៃការជួលកន្លែងលក់រាយបានធ្លាក់ចុះគ្រប់ប្រភេទ ស្របពេលដែលមានការប្រកាសពង្រីកសាខាបន្ថែមរបស់ក្រុមហ៊ុនលក់រាយទាំងជាតិ និងអន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ មានគម្រោងកន្លែងជួលសម្រាប់លក់រាយ (Retail Project) ចំនួនត្រឹមតែមួយប៉ុណ្ណោះ បានបញ្ចប់ការសាងសង់ គឺ ជីប ម៉ុង៥៩៨។
របាយការណ៍ឱ្យដឹងថា មិនមានគម្រោងថ្មីសម្ពោធដាក់ចូលទីផ្សារឡើយ ដែលធ្វើឱ្យផ្ទៃក្រឡាកន្លែងលក់រាយក្នុងក្រុងភ្នំពេញមានចំនួនត្រឹម១៧ម៉ឺនម៉ែត្រការ៉េ ហើយគិតត្រឹមដំណាច់ ឆ្នាំ២០២២ ផ្ទៃក្រឡាកន្លែងលក់រាយសរុបមានចំនួនត្រឹម១៩ម៉ឺនម៉ែត្រការ៉េ។
សម្រាប់តម្លៃជួល បើធៀបត្រីមាសទី១ ឆ្នាំ២០២២ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ប្រភេទ Prime Shopping Mall មានតម្លៃប្រមាណ២៧ដុល្លារ ប្រភេទ Prime Retail Podium និងប្រភេទ Community Mall មានតម្លៃប្រមាណ២១ដុល្លារ និងប្រភេទPrime High Street មានតម្លៃប្រមាណ២២ដុល្លារ។
យោងតាមរបាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានស្លាកយីហោជាង៤៦ បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ក្នុងនោះមានស្លាកយីហោបរទេសចំនួន៣០ និងស្លាកយីហោក្នុងស្រុកចំនួន១៦។
ក្នុងរយៈពេលប៉ុន្មានត្រីមាសចុងក្រោយនេះ ស្លាកយីហោអន្តរជាតិជាច្រើន ដូចជា 7-Eleven BigC Makro ជាដើមបានប្រកាសពីគម្រោងក្នុងការពង្រីកសាខាបន្ថែមជាច្រើនសាខា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលធំៗ ដើម្បីដណ្តើមយកចំណែកទីផ្សារលក់រាយនៅកម្ពុជា៕