តម្លៃជួលទីផ្សារលក់រាយបន្តធ្លាក់ចុះ ស្របពេលការផ្គត់ផ្គង់មានតិចតួច

0

ដោយ៖ សុផារី

ភ្នំពេញៈ ការផ្គត់ផ្គង់ផ្ទៃក្រឡាទីផ្សារលក់រាយ ឬផ្សារទំនើបមានចំនួនតិចតួច សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ហើយតម្លៃនៃការជួលកន្លែងលក់រាយបានធ្លាក់ចុះគ្រប់ប្រភេទ ស្របពេលដែលមានការប្រកាសពង្រីកសាខាបន្ថែមរបស់ក្រុមហ៊ុនលក់រាយទាំងជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ ​បានឱ្យដឹង​ថា នៅក្នុង​ឆមាស​ទី​១ឆ្នាំ​២០២២នេះ មាន​គម្រោង​កន្លែង​ជួល​សម្រាប់​លក់រាយ (Retail Project)​ ចំនួនត្រឹមតែមួយប៉ុណ្ណោះ ​បាន​បញ្ចប់​ការសាងសង់ គឺ ជីប ម៉ុង៥៩៨។

របាយការណ៍ឱ្យដឹងថា មិនមានគម្រោងថ្មីសម្ពោធ​ដាក់ចូល​ទីផ្សារឡើយ ដែល​ធ្វើឱ្យ​ផ្ទៃក្រឡា​កន្លែង​លក់រាយ​ក្នុង​ក្រុងភ្នំពេញ​មានចំនួនត្រឹម១៧ម៉ឺន​ម៉ែត្រការ៉េ​ ហើយគិតត្រឹម​ដំណាច់​ ឆ្នាំ​២០២២ ​ផ្ទៃក្រឡា​កន្លែង​លក់រាយ​សរុប​មានចំនួនត្រឹម១៩ម៉ឺន​ម៉ែត្រការ៉េ។

សម្រាប់តម្លៃជួល បើ​ធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ ប្រភេទ Prime Shopping Mall មានតម្លៃ​ប្រមាណ២៧​ដុល្លារ ប្រភេទ Prime Retail Podium និងប្រភេទ Community Mall មានតម្លៃ​ប្រមាណ២១ដុល្លារ និងប្រភេទ​Prime High Street មានតម្លៃ​ប្រមាណ២២ដុល្លារ។

យោង​តាមរបាយការណ៍ដដែលឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០២២ ​ក្នុង​រាជធានី​ភ្នំពេញ មានស្លាកយីហោជាង៤៦ បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ក្នុងនោះមានស្លាកយីហោបរទេសចំនួន៣០ និងស្លាកយីហោក្នុងស្រុកចំនួន១៦។

ក្នុងរយៈពេលប៉ុន្មានត្រីមាសចុងក្រោយនេះ ស្លាកយីហោអន្តរជាតិជាច្រើន ដូចជា 7-Eleven BigC Makro ជាដើមបានប្រកាសពីគម្រោងក្នុងការពង្រីកសាខាបន្ថែមជាច្រើនសាខា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលធំៗ ដើម្បីដណ្តើមយកចំណែកទីផ្សារលក់រាយនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here