ដោយៈ សុផារី
ភ្នំពេញៈ ការអភិវឌ្ឍគម្រោងលំនៅឋាន ប្រភេទបុរី ទទួលបានការពេញនិយមបំផុត ក្នុងចំណោមប្រជាជនកម្ពុជា។ ទោះប្រឈមនឹងផលប៉ះពាល់ពីវិបត្តិក្តី អ្នកជំនាញទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជន នៅតែបន្តសម្លឹងមើលឃើញពីផលចំណេញ លើការវិនិយោគលំនៅឋានប្រភេទបុរី។
លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចក្តី ការវិនិយោគលើបុរី ដែលបានសិក្សាលើក្រុមអតិថិជនច្បាស់លាស់ នៅតែបន្តមើលឃើញពីផលចំណេញ ដោយសារតែក្នុងកំឡុងពេលបែបនេះ ការវិនិយោគលើដីធ្លី សម្រាប់ការសាងសង់អាចស្វែងរកទិញបាន ក្នុងលក្ខខណ្ឌល្អប្រសើរ ដោយសារមិនសូវមានដៃគូប្រកួតប្រជែងច្រើន ហើយតម្រូវការក្នុងការស្នាក់នៅ នឹងនៅតែបន្តមានជានិច្ច។
-->

សម្រាប់ការអភិវឌ្ឍបុរីរបស់លោកជំទាវ បានចាប់ផ្តើមដំណើរការនៅក្នុងកំឡុងវិបត្តិជំងឺកូវីដ១៩ ហើយលោកជំទាវបានអះអាងថា បុរីវិមានសំណាង ទទួលបានភាពជោគជ័យខ្ពស់ផងដែរ ដោយសារតែគម្រោងបុរីមួយនេះបានសិក្សា និងផ្តោតទៅលើក្រុមអតិថិជន ដែលជាអ្នកមានកំពូល ដូច្នេះហើយទោះបីប្រឈមវិបត្តិក្តី ប៉ុន្តែក្រុមអតិថិជនប្រភេទនេះនៅតែមានលទ្ធភាពក្នុងការទិញ។

លោកជំទាវឧកញ៉ាបន្តថា “ទោះបីជាមានវិបត្តិក្តី ប៉ុន្តែតម្រូវការរបស់អតិថិជន ដែលត្រូវការផ្ទះរស់នៅ និងបុរីដែលមានបរិយាកាសស្អាតៗ នៅតែមាន”។
ជាមួយគ្នានេះ លោក លឹម ហេង ដែលជាប្រធានផ្នែកលក់គំរោង បុរី TLL បានប្រាប់គេហទំព័រ Property Area ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម កាលពីចុងសប្តាហ៍កន្លងមកថា ការវិនិយោគលើបុរី នៅតែជាការវិនិយោគដ៏ឆ្លាតវៃមួយ ដោយសារកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដែលមានកម្រិតមធ្យមចុះក្រោម មានចំនួនច្រើន ហើយតម្រូវការក្នុងការស្វែងរកលំនៅឋានស្នាក់នៅកាន់តែមានច្រើនបន្ថែមទៀត។
លោកបន្តថា ដោយសារអតិថិជន ដែលមានកម្រិតជីវភាពមធ្យមមិនសូវមានលទ្ធភាពក្នុងការទិញដីធ្លីទំហំធំៗបាន ដែលនាំឱ្យការវិនិយោគលើបុរី ដោយការបង់រំលោះមានការពេញនិយមខ្ពស់។

លោកបានមានប្រសាសន៍ថា “ការវិនិយោគលើលំនៅឋាន ប្រភេទបុរី ប្រៀបធៀបទៅនឹងការសន្សំទឹកប្រាក់ប្រចាំថ្ងៃដែរ។ នៅពេលអតិថិជនជ្រើសរើសទិញបុរីនៅតាមគម្រោងនានា ភាគច្រើនអតិថិជនទិញនៅក្នុងទំហំសក្ដិសមនឹងលំហូរសាច់ប្រាក់របស់ខ្លួន”៕
