ចរន្តនៃការទិញលក់ដីនៅខេត្តតំបន់ទេសចរណ៍មួយធ្លាក់ចុះ ប៉ុន្តែរក្សាតម្លៃថេរ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ចរន្តនៃការទិញលក់ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ ហាក់មានការថមថយបន្តិច បើធៀបនឹងចុងឆ្នាំ២០២១កន្លងទៅ។ ជាក់ស្ដែង នៅខេត្តទេសចរណ៍ធម្មជាតិមួយ ចរន្តនៃការទិញលក់ត្រូវបានរាយការណ៍ថា បានថមថយធៀបនឹងចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២នេះ ប៉ុន្តែ សម្រាប់តម្លៃវិញមិនមានការថមថយនោះទេ ពោលគឺនៅរក្សាតម្លៃថេរ។

លោក មាឃ រឹទ្ធីជ័យ ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានមានប្រសាសន៍ឱ្យដឹងថា សកម្មភាពទិញលក់ដីធ្លី នៅក្នុងខេត្តមណ្ឌលគីរី មានការថមថយបន្តិច ធៀបនឹងចុងឆ្នាំមុន ឬដើមឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ នៅមណ្ឌលគីរីអ្នកលក់ដីច្រើនជាងអ្នករកទិញដី អញ្ចឹងហើយទើបមិនសូវមានការទិញលក់ច្រើននោះទេ។ យ៉ាងណា បើទោះបីជាអ្នកលក់ច្រើនជាងអ្នកទិញក្ដី តែតម្លៃដីធ្លីនៅក្នុងខេត្តនេះមិនមានការប្រែប្រួល ពោលគឺមិនឡើងមិនចុះ នៅរក្សាថេរតែម្ដង ។

លោកបន្តថា មួយរយៈកន្លងមកនេះ ក្នុងខេត្តមណ្ឌលគីរី យើងបានឃើញថា មានវិនិយោគិនបរទេសជាច្រើនចូលទៅកាន់តំបន់មួយចំនួន ដើម្បីត្រៀមក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេ ជាពិសេសផ្ដោតទៅលើវិស័យទេសចរណ៍ ដោយសារតែខេត្តមួយនេះ ជាខេត្តទេសចរណ៍ធម្មជាតិ ជាក់ស្ដែងមានការអភិវឌ្ឍរីសត និងចំការដំណាំសម្រាប់ទេសចរជាដើម។

លោកបន្ថែមថា ក្នុងកាលៈទេសៈដែលអ្នកទិញ តិចជាងអ្នកលក់ អ្នកទិញមានសិទ្ធិនិងមានអាទិភាពក្នុងការចរចា និងអាចជ្រើសរើសទីតាំងបានល្អៗផងដែរ ហើយក្នុងកាលៈទេសៈនេះ អ្នកទិញក៏អាចប្រមូលទិញ ដើម្បីទុកចំណេញនៅពេលខាងមុខផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងពីសក្ដានុពលនៃខេត្តមណ្ឌលគីរីផងដែរថា ខេត្តនេះនឹងទាក់ទាញការវិនិយោគពីបរទេស នៅពេលអនាគតដ៏ខ្លី ពីព្រោះយើងមើលឃើញថា ផ្លូវពីភ្នំពេញទៅមណ្ឌលគីរីក៏បានសាងសង់ស្អាត ងាយស្រួលក្នុងការធ្វើដំណើរទៅមក ទាំងវិនិយោគិន និងទេសចរ។

លោកបន្តថា សក្ដានុពលខេត្តនេះ ដែលអាចទាក់ទាញវិនិយោគិន គឺការអភិវឌ្ឍន៍ទៅលើលំនៅឋានលំហែកាយ ដែលនឹងមានការពេញនិយមឆាប់ៗនេះ ដោយសារតែខេត្តនេះជាខេត្ត ដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិច្រើន និងមានសក្ដានុពលទៅលើវិស័យទេសចរណ៍ ក៏ដូចជាកសិកម្មបែបទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here