រដ្ឋមន្រ្តីប្រាប់ពីវិធីចំនួន២ សម្រាប់ការបង់ប្រាក់ក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

0

ដោយៈ សុផារី

ព្រះសីហនុៈ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ អាចបង់ប្រាក់ក្នុងការប្រើប្រាស់ផ្លូវនេះបាន ដោយរបៀបចំនួន០២ ដែលត្រូវបានរៀបចំដោយក្រុមហ៊ុនផ្លូវល្បឿនលឿន។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង មានតម្លៃតិចជាង៨សេន និងទៅតាមប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡា​នតូច) យក១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

យោងតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បងប្អូនអាចជ្រើសរើសក្នុងចំណោមរបៀបចំនួន២ សម្រាប់ការបង់ប្រាក់ ក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿន។

ជម្រើសទី១
ត្រូវទិញកាត់ឱ្យហើយ ដែលជាកាតមានលុយ ក្នុងនឹងជាការស្រេច រួចដាក់នៅខាងមុខឡាន ហើយនៅពេលបងប្អូន បើកដល់បញ្ជរបង់ប្រាក់ យើងមិនបាច់ឈប់នោះទេ ដោយម៉ាស៊ីនស្វ័យប្រវត្តិ នឹងវាចាប់កាត់នឹងចាប់ផ្លាកលេខឡាន ហើយដល់ពេលយើងចេញ ក្នុងកន្លែងបញ្ជរណាមួយ ម៉ាស៊ីន នឹងកាត់លុយដោយស្វ័យប្រវត្ថិ នៅកន្លែងចេញនោះ។

ជម្រើសទី២
ពេលមកដល់បញ្ជរបង់ប្រាក់ណាមួយ ខាងផ្នែកបេឡា និងផ្តល់កាត ឱ្យមួយ ហើយបន្ទាប់ពីការឱ្យកាតនេះ គេនឹងដឹងថាយើងចូលនៅក្នុងទីទាំងណាមួយភ្លាម ហើយគេនឹងគិតលុយទៅតាមចំងាយ ដែលយើងបានជិះពេលចេញនៅតាមបញ្ជរបង់ប្រាក់ណាមួយ។

រហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ។ ចំណែកនៅសល់៥%ទៀត គឺទាក់ទងនឹងការសាងសង់ ផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។

ផ្លូវនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here