ផែនការពង្រីកក្រុងទទួលបានជោគជ័យត្រូវការអភិវឌ្ឍរចនាសម្ព័ន្ធចំនួនបីធំៗជាមុនសិន

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលបានពង្រីកផ្ទៃដីរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ស្របនឹងកំណើនប្រជាសាស្ត្រនៅក្នុងរាជធានីភ្នំពេញ។

វិធីសាស្ត្រតែមួយដែល រដ្ឋាភិបាលពង្រីកក្រុងភ្នំពេញនោះ គឺការកាត់យកចំណែកខ្លះនៃខេត្តជាប់ភ្នំពេញ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ដោយកន្លងមកគឺកាត់យកខេត្តកណ្ដាល។ ទៅមុខតទៀតផែនការពង្រីកក្រុងភ្នំពេញនឹងកាន់តែធំ ដូច្នេះដើម្បីឱ្យផែនការនេះ ទទួលបានជោគជ័យគឺត្រូវការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធ៣ធំៗជាមុនសិន ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៩ កក្កដាថា ការអភិវឌ្ឍនិងពង្រីកក្រុងភ្នំពេញ ដោយទទួលបានជោគជ័យ និងអាចទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន គឺត្រូវការអភិវឌ្ឍផ្លូវទឹកនិងភ្លើង។

បន្ទាប់មកទៀត អ្នកអភិវឌ្ឍន៍ឬអ្នកវិនិយោគ នឹងត្រូវអភិវឌ្ឍន៍បន្តនូវតម្រូវការចាំបាច់នានា ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ។

លោកប៉ូ អ៊ាវគង់បានបន្តថា នៅពេលតំបន់ណាមួយ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមុនសិន នៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធ នឹងសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ ហើយវានឹងអាចទាក់ទាញ ដល់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីនានាទៅកាន់តំបន់នោះ ។

សម្រាប់បច្ចុប្បន្ននេះ ការអភិវឌ្ឍនៅតំបន់ជាយក្រុ ងឬតំបន់ដែលមិនទាន់កាត់ចូលក្រុង ក៏កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុកដែរ ។

លោកអ៊ាវគង់បន្ថែមថា ការរៀបចំផែនការមេរបស់រដ្ឋាភិបាល ក្នុងការកាត់ផ្នែកខ្លះនៃខេត្តជាប់ភ្នំពេញ នឹងអាចជំរុញឱ្យការអភិវឌ្ឍលឿនរហ័ស និងមិនមានបញ្ហាអ្វីជាឧបសគ្គ ដូចជាការត្រៀមអភិវឌ្ឍន៍ផ្លូវធំៗ មានប្រព័ន្ធ លូ ប្រព័ន្ធទឹកស្អាត និងបណ្ដាញអគ្គិសនីបានគ្រប់គ្រាន់ ។

ជាមួយគ្នានេះ លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទើតបានលើកឡើងផងដែរថា វិនិយោគិនលើដីធ្លី ដែលចង់បានចំណេញ គួរងាកទៅរកតំបន់ជាយក្រុង ហើយនៅពេលមានការអភិវឌ្ឍទៅដល់នោះ វានឹងនឹងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះ ហក់ឡើងមួយកម្រិតទៀត ហើយនឹងមានការអភិវឌ្ឍកាន់តែខ្លាំងថែមទៀតផង។

ពីព្រោះថានៅភ្នំពេញពេលនេះ ដីធ្លីនៅទំនេរគេមិនអាចទិញទុកចំណេញនៅពេលអនាគតនោះទេ ។ ដីនៅភ្នំពេញទិញហើយត្រូវការអភិវឌ្ឍភ្លាមៗជាអគារខ្ពស់ៗខុនដូ ការិយាល័យ ផ្សារទំនើបជាដើម ។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធីអគ្គនាយកក្រុមហ៊ុនCentury21 Land Station ដែលជាអ្នកជំនាញនៃដីធ្លីមួយរូប ក៏បានលើកទឹកចិត្តដល់វិនិយោគិនក្នុងការទិញដីធ្លី នៅតំបន់ខេត្តជាប់ភ្នំពេញ ដើម្បីប្រាក់ចំនេញផងដែរ ។

លោកឧកញ៉ាបន្តថា ដីធ្លីនៅជិតគម្រោងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនជាដីដែលមិនសូវមានការចាប់អារម្មណ៍ទេ តែបច្ចុប្បន្ននេះ បានក្លាយជាដីដែលមានហាងឆេងខ្ពស់ និងមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here