មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកតម្លៃជិត ១២០០លានដុល្លារ ចាប់ផ្តើមសាងសង់នៅទីក្រុងកោះពេជ្រ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ បន្ទាប់ពីហ៊ុំរបងទុកចោលរយៈពេលប្រមាណ៣ឆ្នាំ នៅពេលនេះក្រុ​មហ៊ុនចិន បាននិងកំពុងចាប់ផ្តើមសកម្មភាព ការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួន នៅទីក្រុងកោះពេជ្រហើយ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ៥ហិកតា ដែលស្ថិតនៅតំបន់អតីតផ្សាររាត្រី និងជាកន្លែងក្មេងលេងនៅទីក្រុងរណបមួយនេះ។

តាមរយៈការធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះ យើងឃើញមានសកម្មភាពគ្រឿងចក្រ និងរថយន្តដឹកសម្ភារៈ និងកម្មករជាច្រើន បាននិងកំពុងធ្វើសកម្មភាពនៅតាមការដ្ឋាននានាក្នុងបរិវេណទីតាំង ដែលបាននិងកំពុងហ៊ុំព័ទ្ឋដែកព៌ណ ស នាពេលបច្ចុប្បន្ននេះ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមអ្វីដែលលោកបានដឹង គឺក្រុមហ៊ុននោះទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ ដោយក្រុមហ៊ុននោះ នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលអាគារមេក្នុងគំរោងនេះមានកំពស់ប្រមាណ៤០០ម៉ែត្រ។

លោកបន្តថា “យ៉ាងណាក៏ដោយ ខ្ញុំមិនបានចាំឈ្មោះក្រុមហ៊ុននេះនោះទេ”។

តាមប្រភពព៌តមានពីអ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យធំមួយបានឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនវិនិយោគគំរោងនេះបានទិញដី សម្រាប់សាងសង់គំរោងរបស់ខ្លួន ក្នុងតម្លៃរហូតដល់៧០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនសាងសង់នេះមិនទាន់បានបង្ហាញពីរូបរាងអាគារពាណិជ្ជកម្មលើជញ្ជាំង ដែលបាននិងកំពុងហ៊ុំព័ទ្ឋការដ្ឋាននេះនៅឡើយទេ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងរបស់ក្រុមហ៊ុន​“BOCC​ DEVELOPMENT​ CO​.,LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ចំនួន​៥០០បន្ទប់​ Service​ Hotel​ Apartment​ ថ្នាក់​ផ្កាយ៤​ ចំនួន១.៦០០​units​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ “លើ​កោះ​ពេជ្រ​” មាន​ទុន​វិនិយោគ​ប្រមាណ​១,១៨១ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៦.៣៧០កន្លែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here