ដោយៈ ជេស៊ីកា
ភ្នំពេញៈ បន្ទាប់ពីហ៊ុំរបងទុកចោលរយៈពេលប្រមាណ៣ឆ្នាំ នៅពេលនេះក្រុមហ៊ុនចិន បាននិងកំពុងចាប់ផ្តើមសកម្មភាព ការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួន នៅទីក្រុងកោះពេជ្រហើយ។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ៥ហិកតា ដែលស្ថិតនៅតំបន់អតីតផ្សាររាត្រី និងជាកន្លែងក្មេងលេងនៅទីក្រុងរណបមួយនេះ។
តាមរយៈការធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះ យើងឃើញមានសកម្មភាពគ្រឿងចក្រ និងរថយន្តដឹកសម្ភារៈ និងកម្មករជាច្រើន បាននិងកំពុងធ្វើសកម្មភាពនៅតាមការដ្ឋាននានាក្នុងបរិវេណទីតាំង ដែលបាននិងកំពុងហ៊ុំព័ទ្ឋដែកព៌ណ ស នាពេលបច្ចុប្បន្ននេះ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមអ្វីដែលលោកបានដឹង គឺក្រុមហ៊ុននោះទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ ដោយក្រុមហ៊ុននោះ នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលអាគារមេក្នុងគំរោងនេះមានកំពស់ប្រមាណ៤០០ម៉ែត្រ។
លោកបន្តថា “យ៉ាងណាក៏ដោយ ខ្ញុំមិនបានចាំឈ្មោះក្រុមហ៊ុននេះនោះទេ”។
តាមប្រភពព៌តមានពីអ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យធំមួយបានឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនវិនិយោគគំរោងនេះបានទិញដី សម្រាប់សាងសង់គំរោងរបស់ខ្លួន ក្នុងតម្លៃរហូតដល់៧០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនសាងសង់នេះមិនទាន់បានបង្ហាញពីរូបរាងអាគារពាណិជ្ជកម្មលើជញ្ជាំង ដែលបាននិងកំពុងហ៊ុំព័ទ្ឋការដ្ឋាននេះនៅឡើយទេ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងរបស់ក្រុមហ៊ុន“BOCC DEVELOPMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៥០០បន្ទប់ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន១.៦០០units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ១,១៨១ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦.៣៧០កន្លែង៕