សារព៌តមានចិនៈ ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាសម្រេចបានកំណើន២០ភាគរយក្នុងមួយឆ្នាំ

0

ដោយៈ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជាបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ថា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនជាមធ្យម២០%ក្នុងមួយឆ្នាំៗ។

ថ្លែងក្នុង “ទិវាធានារ៉ាប់រងឆ្នាំ២០២២” លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ព្រមទាំងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន១៨ ភ្នាក់ងារសាជីវកម្មចំនួន៣៤ និងក្រុមហ៊ុនធានារ៉ាប់រងកាតខាតបង់ចំនួន២។

លោកលើកឡើងថា “ទន្ទឹមនឹងការកើនឡើង នូវចំនួនក្រុមហ៊ុនធានារ៉ាប់រង ទំហំទីផ្សារធានារ៉ាប់រង ក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដោយបុព្វលាភសរុប កើនឡើងដល់ប្រមាណ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយអត្រាកំណើនជាមធ្យម សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ គឺស្ថិតក្នុងរង្វង់ប្រមាណ២០ភាគរយ។

លោកបន្ថែមទៀតថា “ជាពិសេស ទីផ្សារធានារ៉ាប់រងបានរក្សាបាននូវកំណើនវិជ្ជមានរបស់ខ្លួន ក្នុងរង្វង់៨%ក្នុងឆ្នាំ២០២០ និងប្រមាណ១០%ក្នុងឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលវីរុសកូវីដ-១៩ ក្ដី”។

លោកបានបន្តថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា មានទ្រព្យសកម្មសរុបប្រមាណ៩៤៨លានដុល្លារ ហើយបានបង្កើតការងារពេញម៉ោងប្រមាណ៤.០០០កន្លែង និងការងារក្រៅម៉ោងប្រមាណ១០.០០០កន្លែង៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here