លោកបណ្ឌិតហ៊ុន ម៉ាណែតៈវិស័យឯកជនជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ចជាតិកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ហើយវិស័យឯកជននៅកម្ពុជាបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច ខេមបូឌា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកក្កដានេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅមុនវិបត្តិកូវីដ-១៩ ក្នុងរយៈពេ​ល២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨- ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម៨%។ នៅក្នុងវិបត្តិកូវីដ-១៩រយៈពេលជាង២ឆ្នាំកន្លងមក ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដែលបានបង្អាក់ដំណើរនៃការបោះជំហានឆ្ពោះទៅមុខ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើវិស័យសុខភាពសាធារណៈ។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា-៣,១% នៅក្នុងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង៥%នៅក្នុងឆ្នាំ២០២២។

ចំណែកការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យ លើការគ្រប់គ្រងការឆ្លង ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។

លោកបណ្ឌិតបានលើកឡើងថា ឆ្លងតាមបទពិសោធន៍ ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រែក្លាយវិបត្តិឱ្យទៅជា​ឱកា​ស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

លោកបណ្ឌិតបានបន្តថា ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំ​ណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាស ធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូ​លពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានបន្ថែមថា “វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជា ការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here