អាកាសចរណ៍Bangkok Airwaysភ្ជាប់ជើងហោះហើរមកកាន់ខេត្តសៀមរាបឡើងវិញហើយ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airwaysបានភ្ជាប់ជើងហោះហើរត្រង់រវាង​ទីក្រុង​បាងកក និង​ខេត្ត​សៀមរាប​របស់​កម្ពុជានៅថ្ងៃទី១ សីហានេះឡើងវិញហើយ។

​ការភ្ជាប់ជើងហោះហើរនេះ នឹង​រួមចំណែក​ដល់​កំណើន​នៃ​ការមក​ដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ខណៈ​តម្រូវ​ការដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​កំពុង​កើនឡើង​ជា​បណ្តើរៗ​ ចាប់​តាំងពី​ប្រទេស​កម្ពុជា ​បាន​បើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ ​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា ក្រុមហ៊ុន​នេះ ​បាន​សម្រេច​ចិត្ត​ផ្ដើម​ដំណើរការ​ឡើងវិញ​ការហោះហើរ​ត្រង់​ រវាង​ទីក្រុង​បាងកក និង​ខេត្ត​សៀមរា​ប​នៅថ្ងៃនេះ (​ថ្ងៃទី​ ១​ ខែសីហា​)​ បន្ទាប់ពី​ផ្អាក​ដំណើរការ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ឆ្នាំមុន ​ដើម្បី​បម្រើ​លំហូរ​​ភ្ញៀវទេសចរ ដែល​កើនឡើង​ជា​បន្តបន្ទាប់​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​២​នេះ​។

លោក Puttipong Prasarttong-Osoth ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways បាន​និយាយ​ថា ការចាប់ផ្ដើម​ជើងហោះហើរ​លើផ្លូវ​ទាំង​៣ថ្មី​នេះ​ឡើងវិញ គឺ​បន្ទាប់ពី​ជើងហោះហើរ​រវាង​បាងកក និង​ភ្នំពេញ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១​។

លោកបន្តថា “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ​ក្នុង​ការប្រកាស​ពី​ការចាប់ផ្តើម​ឡើងវិញ ​នូវ​ជើងហោះហើរ​រវាង​ទីក្រុង​បាងកក និង​សៀមរាប បន្ទាប់ពី​យើង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ​ជើងហោះហើរ​អន្តរជាតិ​ជា​លើកដំបូង​របស់​យើង​ចំនួន៣”។

លោក​បាន​បន្តថា ​ការចាប់ផ្ដើម​ដំណើរការ​ហោះហើរ​ឡើងវិញ ​ក្នុងពេល​ឆាប់ៗ​រវាង​ទីក្រុង​បាងកក និង​សៀមរាប ទីក្រុង​យាំងហ្គូន និង​ដាណាង ត្រូវបាន​រំពឹងថា ​នឹង​ជំរុញ​ទេសចរណ៍​របស់​ប្រទេស​ថៃ ក៏ដូចជា​ទេសច​រណ៍​​តាម​បណ្ដា​ប្រទេស​ជិតខាង ​ជាច្រើន​របស់​យើង​ផងដែរ​។ យើង​ធានាថា ប្រទេស​ថៃ កម្ពុជា មីយ៉ាន់ម៉ា និង​វៀតណាម​មាន​ដំណើរការ​ដ៏រឹងមាំ ​ដើម្បី​ធានា​ឱ្យ​ប្រាកដថា ការកម្សាន្ត​ និង​ការធ្វើដំណើរ​អាជីវកម្ម​រវាង​ទីក្រុង​ទាំងនេះ​អាច​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​។

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង ​នៃ​តម្រូវ​ការហោះហើរ​ត្រង់​ចាប់តាំងពី​កម្ពុជា ​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោកស្រីបន្តថា “​វា​ជា​សញ្ញា​វិជ្ជមាន​មួយ ​សម្រាប់​ខេត្ត​សៀមរាប ដោយសារ​ភ្ញៀវ​ទេសចរ​មួយចំនួន​ នឹងមិន​ចំណាយពេល​ច្រើន ​ក្នុងការ​ហោះហើរ​មក​ភ្នំពេញ ហើយ​បន្ទាប់មក​ឆ្ពោះទៅ​សៀមរាប​។ ការណ៍​នេះ​នឹង​រួមចំណែក​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស”។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​ក៏បាន​យល់ស្រប​នឹង​ការលើកឡើង​របស់​លោកស្រី ឆាយ ស៊ីវលីន ដែរ ដោយ​លោក​លើកឡើង​ថា ជើង​ហោះហើរ​កាន់តែ​ច្រើន គឺ​កាន់តែ​ល្អ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ ក្នុង​ខេត្ត​សៀមរាប ដែល​ជា​តំបន់​បេតិកភណ្ឌ​ដ៏ល្បី​នៅលើ​ពិភពលោក​។

លោក​បន្តថា “​យើង​លើក​ទឹកចិត្ត​ឱ្យមាន​ជើងហោះហើរ​ កាន់តែ​ច្រើន​មក​ប្រទេស​កម្ពុជា ពិសេស​ខេត្តសៀមរាប​។ ទោះបី​បច្ចុប្បន្ន យើង​មិន​មាន​ភ្ញៀវទេសចរ​មកពី​អឺរ៉ុប​ច្រើន ក៏​ភ្ញៀវទេសចរ​មកពី​ប្រទេស​ថៃ ​នៅតែ​កើនឡើង​រហូត”​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here