ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airwaysបានភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងបាងកក និងខេត្តសៀមរាបរបស់កម្ពុជានៅថ្ងៃទី១ សីហានេះឡើងវិញហើយ។
ការភ្ជាប់ជើងហោះហើរនេះ នឹងរួមចំណែកដល់កំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសកំពុងកើនឡើងជាបណ្តើរៗ ចាប់តាំងពីប្រទេសកម្ពុជា បានបើកដំណើរការសង្គម សេដ្ឋកិច្ចពេញលេញឡើងវិញ តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways កាលពីថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុននេះ បានសម្រេចចិត្តផ្ដើមដំណើរការឡើងវិញការហោះហើរត្រង់ រវាងទីក្រុងបាងកក និងខេត្តសៀមរាបនៅថ្ងៃនេះ (ថ្ងៃទី ១ ខែសីហា) បន្ទាប់ពីផ្អាកដំណើរការ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ កាលពីឆ្នាំមុន ដើម្បីបម្រើលំហូរភ្ញៀវទេសចរ ដែលកើនឡើងជាបន្តបន្ទាប់រវាងប្រទេសជិតខាងអាស៊ានទាំង២នេះ។
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បាននិយាយថា ការចាប់ផ្ដើមជើងហោះហើរលើផ្លូវទាំង៣ថ្មីនេះឡើងវិញ គឺបន្ទាប់ពីជើងហោះហើររវាងបាងកក និងភ្នំពេញត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០២១។
លោកបន្តថា “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការចាប់ផ្តើមឡើងវិញ នូវជើងហោះហើររវាងទីក្រុងបាងកក និងសៀមរាប បន្ទាប់ពីយើងចាប់ផ្តើមដំណើរការឡើងវិញ ជើងហោះហើរអន្តរជាតិជាលើកដំបូងរបស់យើងចំនួន៣”។
លោកបានបន្តថា ការចាប់ផ្ដើមដំណើរការហោះហើរឡើងវិញ ក្នុងពេលឆាប់ៗរវាងទីក្រុងបាងកក និងសៀមរាប ទីក្រុងយាំងហ្គូន និងដាណាង ត្រូវបានរំពឹងថា នឹងជំរុញទេសចរណ៍របស់ប្រទេសថៃ ក៏ដូចជាទេសចរណ៍តាមបណ្ដាប្រទេសជិតខាង ជាច្រើនរបស់យើងផងដែរ។ យើងធានាថា ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមមានដំណើរការដ៏រឹងមាំ ដើម្បីធានាឱ្យប្រាកដថា ការកម្សាន្ត និងការធ្វើដំណើរអាជីវកម្មរវាងទីក្រុងទាំងនេះអាចប្រព្រឹត្តទៅដោយសុវត្ថិភាព។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការចាប់ផ្ដើមដំណើរការឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានឆ្លុះបញ្ចាំងពីការកើនឡើង នៃតម្រូវការហោះហើរត្រង់ចាប់តាំងពីកម្ពុជា បើកដំណើរការសេដ្ឋកិច្ចពេញលេញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១។
លោកស្រីបន្តថា “វាជាសញ្ញាវិជ្ជមានមួយ សម្រាប់ខេត្តសៀមរាប ដោយសារភ្ញៀវទេសចរមួយចំនួន នឹងមិនចំណាយពេលច្រើន ក្នុងការហោះហើរមកភ្នំពេញ ហើយបន្ទាប់មកឆ្ពោះទៅសៀមរាប។ ការណ៍នេះនឹងរួមចំណែកសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស”។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានយល់ស្របនឹងការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ដែរ ដោយលោកលើកឡើងថា ជើងហោះហើរកាន់តែច្រើន គឺកាន់តែល្អសម្រាប់ឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលជាតំបន់បេតិកភណ្ឌដ៏ល្បីនៅលើពិភពលោក។
លោកបន្តថា “យើងលើកទឹកចិត្តឱ្យមានជើងហោះហើរ កាន់តែច្រើនមកប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប។ ទោះបីបច្ចុប្បន្ន យើងមិនមានភ្ញៀវទេសចរមកពីអឺរ៉ុបច្រើន ក៏ភ្ញៀវទេសចរមកពីប្រទេសថៃ នៅតែកើនឡើងរហូត”៕