ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនRoad & Sea China បានសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីលក់គំរោងអចលនទ្រព្យមួយចំនួននៅទីក្រុងបូកគោ ដែលកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Real Estate។
ពិធីចុះហត្ថលេខាលើកិច្ចសហការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ សីហានេះ រវាងលោកChin Bin តំណាងក្រុមហ៊ុនRoad &Sea China និងលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambocdiafinancialtimes.com។
លោកChen Binតំណាងក្រុមហ៊ុនRoad &Sea Chinaប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យនានានៅទីក្រុងបូកគោ ដែលមានអាកាសធាតុដ៏ល្អ និងត្រជាក់ ដែលផ្តល់ឲ្យអ្នករស់នៅមានសុខភាពល្អ ហើយពួកគេអាចទៅ សម្រាកលំហែរចុងសប្តាហ៍ ជាមួយបរិយាកាសធម្មជាតិដ៏មនោរម្យ។
លោកបន្តរំពឹងថា អ្នកវិនិយោគចិនជាច្រើននៅកម្ពុជា នឹងចាប់អារម្មណ៍វិនិយោគ និងទិញលំនៅដ្ឋាននៅទីក្រុងបូកគោ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនសុខាគ្រុប ដែលក្រុមហ៊ុននេះ ទទួលបានសិទ្ឋអភិវឌ្ឍន៍លើផ្ទៃដីទំហំ៣០,០០០ហិកតាពីរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកយិន លាងគង់និងលោកChen Binបានសហការគ្នាលើការផ្សព្វផ្សាយលើសក្តានុពល និងលើកកំពស់កិត្តិនាមរវាងក្រុមហ៊ុនRoad&Sea China និងគេហទំព័រPropertyarea.asiaផងដែរ។
លោកយិន លាងគង់បានមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នផ្សព្វផ្សាយព៌តមាន ទាក់ទងវិស័យអចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិឈានមុខគេ យើងរីករាយក្នុងការសហការជាមួយ ក្រុមហ៊ុនRoad& Sea China ដើម្បីពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្យានុភាពរបស់យើងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកបន្តថា ក្រៅពីការជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក ក្រុមហ៊ុនRoad& Sea China នឹងជួយផ្តល់ការគាំទ្រ លើការលក់កញ្ចប់ពាណិជ្ជកម្មរបស់គេហទំព័រPropertyarea.asia ដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះ និងផលប្រយោជន៍រួមគ្នាផងដែរ៕