ក្រុមហ៊ុនដ៏ធំរបស់ចិនសហការជាមួយគេហទំព័រPropertyarea លក់អចលនទ្រព្យនៅទីក្រុងបូកគោ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនRoad & Sea China បានសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីលក់គំរោងអចលនទ្រព្យមួយចំនួននៅទីក្រុងបូកគោ ដែលកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Real Estate។

ពិធីចុះហត្ថលេខាលើកិច្ចសហការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ សីហានេះ រវាងលោកChin Bin តំណាងក្រុមហ៊ុនRoad &Sea China និងលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambocdiafinancialtimes.com។

លោកChen Binតំណាងក្រុមហ៊ុនRoad &Sea Chinaប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យនានានៅទីក្រុងបូកគោ ដែលមានអាកាសធាតុដ៏ល្អ និងត្រជាក់ ដែលផ្តល់ឲ្យអ្នករស់នៅមានសុខភាពល្អ ហើយពួកគេអាចទៅ សម្រាកលំហែរចុងសប្តាហ៍ ជាមួយបរិយាកាសធម្មជាតិដ៏មនោរម្យ។

លោកបន្តរំពឹងថា អ្នកវិនិយោគចិនជាច្រើននៅកម្ពុជា នឹងចាប់អារម្ម​ណ៍វិនិយោគ និងទិញលំនៅដ្ឋាននៅទីក្រុងបូកគោ ដែលបាននិងកំពុងអភិ​វឌ្ឍន៍ដោយក្រុមហ៊ុនសុខាគ្រុប ដែលក្រុមហ៊ុននេះ ទទួលបានសិទ្ឋអភិ​វឌ្ឍន៍លើផ្ទៃដីទំហំ៣០,០០០ហិកតាពីរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកយិន លាងគង់និងលោកChen Binបានសហការគ្នាលើការផ្សព្វផ្សាយលើសក្តានុពល និងលើកកំពស់កិត្តិនាមរវាងក្រុមហ៊ុនRoad&Sea China និងគេហទំព័រPropertyarea.asiaផងដែរ។

លោកយិន លាងគង់បានមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នផ្សព្វ​ផ្សាយព៌តមាន ទាក់ទងវិស័យអចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិឈានមុខគេ យើងរីករាយក្នុងការសហការជាមួយ ក្រុមហ៊ុនRoad& Sea China ដើម្បីពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្យានុភាពរបស់យើងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោកបន្តថា ក្រៅពីការជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក ក្រុមហ៊ុនRoad& Sea China នឹងជួយផ្តល់ការគាំទ្រ លើការលក់កញ្ចប់ពាណិជ្ជកម្ម​របស់គេហទំព័រPropertyarea.asia ដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះ និងផលប្រយោជន៍រួមគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here