ដោយ៖ សុផារី
សៀមរាប ៖ រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តកម្ចីចំនួន៩៨៣លានបាត ឬប្រមាណជាង២៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់រវាងខេត្តសៀមរាប ទៅកាន់ខេត្តស៊ីសាកេតប្រទេសថៃ។
នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានដកស្រង់សម្តីរបស់លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ។
លោកស្រី Traisuree Taisaranakul បានឱ្យដឹងថា ផ្លូវជាតិមួយនេះមានឈ្មោះថា “ផ្លូវជាតិលេខ ៦៧” នឹងភ្ជាប់ពីខេត្តសៀមរាប ទៅស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ រួចទៅច្រកអន្តរជាតិចុងសាងាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។
លោកស្រី Traisuree Taisaranakul បានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសថៃនឹងផ្តល់កម្ចីចំនួនពាក់កណ្តាល គឺស្មើនឹង៤៩១,៥លានបាត ឬជាង១២ដុល្លារអាមេរិក ដល់គម្រោងនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ជាថវិការដ្ឋាភិបាលថៃ ខណៈថវិកា ដែលនៅសល់ នឹងមកពីប្រភពមូលនិធិពីបរទេស។
អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា ក្រោមកម្ចីនេះ ប្រទេសថៃ ដាក់លក្ខខណ្ឌតម្រូវឱ្យប្រទេសកម្ពុជាត្រូវទិញសម្ភារសំណង់យ៉ាងតិច៥០ភាគរយ សម្រាប់គម្រោងពីប្រទេសថៃ និងជួលអ្នកម៉ៅការថៃផងដែរ៕