ប្រេងហក់ឡើងថ្លៃធ្វើឱ្យតំបន់អារ៉ាប់ចំណេញទឹកប្រាក់រហូតដល់ជាង៧៧ពាន់លានដុល្លារក្នុង១ត្រីមាស

0

ដោយៈ សុខុម

ក្រុងរីយ៉ាដៈ បណ្ដាក្រុមហ៊ុនចុះបញ្ជីនៅតំបន់អារ៉ាប់ ឬដែលគេស្គាល់ថា “ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” (Gulf Cooperation Council) ទទួលបានប្រាក់ចំណេញសរុប រហូតដល់ទៅ៧៧,៣ ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២២។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឱ្យដឹងថា ការទទួលបានប្រាក់ចំណេញយ៉ាងច្រើន សន្ធឹកសន្ធាប់បែបនេះ គឺដោយតំបន់ដែលសម្បូរប្រេងនេះ ទទួលផលពីប្រេងហក់ឡើងថ្លៃ ឈានដល់ប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល។

របាយការណ៍របស់ក្រុមហ៊ុន Kamco Invest បង្ហាញថា តួលេខនេះបង្ហាញពីការកើនឡើងខ្លាំង នូវប្រាក់ចំណេញ បើធៀបនឹងប្រាក់ចំណេញ៤៧,៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុន ដែលចុះបញ្ជីបានកើនឡើង៧០,៤% ក្នុងឆ្នាំនេះឈានរហូតដល់៥៩,៥ពាន់លានដុល្លារក្នុងត្រីមាសទី២ ដោយដណ្ដើមបានចំណែកភាគច្រើន នៃប្រាក់ចំណេញនៅទូទាំងតំបន់អារ៉ាប់។

របាយការណ៍នេះពន្យល់ថា ការកើនឡើងនូវប្រាក់ចំណេញនេះ គឺដោយសារកំណើននៃប្រាក់ចំណេញ ក្នុងវិស័យភាគច្រើន ដែលនាំមុខដោយវិស័យថាមពល វិស័យធនាគារ និងវត្ថុធាតុដើមដែលជួយប៉ះប៉ូវលទ្ធផលមិនសូវល្អនៃក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះ។

តំបន់អារ៉ាប់ ឬ GCC  រួមមាន៦ប្រទេស ដូចជា ប្រទេសបារ៉ែន ប្រទេសកូវែត ប្រទេសអូម៉ង់ ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមអេមីរ៉ាត៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here