ភ្នំពេញ៖ ដំណឹងល្អមកដល់ហើយ អ្នកចង់ធ្វើដំណើរពីភ្នំពេញ ទៅកាន់ទីក្រុងបាងកក មិនចាំបាច់ជិះយន្តហោះទៀតនោះទេ គឺពួកគេមានជម្រើសមួយទៀតគឺជិះរទេះភ្លើង ព្រោះខ្សែរថភ្លើងភ្នំពេញបាងកក នឹងភ្ជាប់នៅឆ្នាំ២០២០ខាងមុខនេះ។
អ្នកនាំពាក្យនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ា ស៊ីមសូរិយា បានថ្លែងអោយដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ តុលានេះថា ផ្លូវរថភ្លើងភ្នំពេញ ភ្ជាប់ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កំពុងពន្លឿនការជួសជុល ដែលបានខូចខាតពីស្រុកមង្គលបុរី តភ្ជាប់មកខេត្តពោធិ៍សាត់ និងមកកាន់រាជធានីភ្នំពេញ និងកំពុងជួសជុលស្ថានីយ៍មួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីសម្រេចតាមផែនការរបស់ខ្លួនឆ្នាំ២០២។ លោកបន្តថា ផ្លូវរថភ្លើងបានតភ្ជាប់រួចហើយពីក្រុងប៉ោយប៉ែតប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ តែដោយសារប្រទេសកម្ពុជា ពុំមានថវិការគ្រប់គ្រាន់ក្នុងការជួសជុល ទើបធ្វើអោយមានការយឺតយ៉ាវ ព្រោះប្រទេសកម្ពុជាប្រើប្រាស់ថវិការជាតិទាំងស្រុងក្នុងការជួសជូល។

-->
លោកបញ្ជាក់ទៀតថា “រថភ្លើងដែលគ្រោងនឹងដាក់អោយដំណើរពីភ្នំពេញ ទៅបាកក អាចផ្ទុកទម្ងន់បានត្រឹមតែ១៥តោនប៉ុណ្ណោះ ដែលមានលទ្ធភាពអាចផ្ទុកបានតែមនុស្ស និងដឹកទំនិញបានស្រាល់ៗតែប៉ុណ្ណោះ មិនដូចផ្លូវរថភ្លើងរត់ពីភ្នំពេញទៅកាន់ក្រុងព្រះស៊ីហនុឡើយ។លោកបន្តថា “ភាគីកម្ពុជា នឹងបន្តជជែកជាមួយភាគីថៃពីការសាងសង់ស្ថានីយ៍នៅព្រុំដែនដើម្បីផ្លាស់ប្តូរទូររថភ្លើង និងអំពីការបង់ពន្ធ និងតម្លៃនៃការដឹកជញ្ជូនទំនិញចេញចូលនៃប្រទេសទាំងពីរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃគ្រោងបង្កើនទំហំពាណិជ្ជរវាងប្រទេសទាំងពីរ ឲ្យកើនដល់ចំនួន១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingបានថ្លែងថា ការភ្ជាប់រថភ្លើងរវាងប្រទេសទាំងពីរជាសញ្ញាល្អ នៃកិច្ចសហប្រតិបត្តិការទ្វេរភាគីផង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ផង ព្រោះបច្ចុប្បន្នប្រទេសទាំងពីរជាសមាជិកសហគមន៍អាស៊ានដូចគ្នា។លោកបន្តថា ការដឹកជញ្ជូនផ្លូវដែកពិតជាមានសារៈសំខាន់ណាស់ ដោយសារវាជួយកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន ផ្ទុកទំនិញបានច្រើន និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកបន្តថា “ខ្ញុំស្វាគមនការភ្ជាប់ខ្សែរថភ្លើងនេះ កាន់តែលឿនកាន់តែល្អ ព្រោះវាមិនត្រឹមជួយសម្រួលពាណិជ្ជកម្មនោះទេ តែក៏ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕
ដោយគង់ សូរិយា