ដោយៈជេស៊ីកា
កណ្តាលៈ វាជារឿងវិជ្ជមានមួយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបង្ហើបពីផែនការកសាងទីក្រុងល្វាឯមនាពេលអនាគត ប៉ុន្តែវាជាទីក្រុងមួយដែលនឹងចំណុះឲ្យទឹកដី ខេត្តកណ្តាល។
ក្រុមអ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចមើលឃើញថា ស្រុកល្វាឯម អាចនឹងក្លាយទៅជាទីក្រុងទំនើបនាពេលអនាគត ក្រោយពីរដ្ឋាភិបាលបានបង្ហាញពីគម្រោងសិក្សាអភិវឌ្ឍស្រុកស្រុកមួយនេះ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបង្កើតក្រុងល្វាឯម ជាសញ្ញាវិជ្ជមានមួយសម្រាប់អ្នកវិនិយោគប្រមើលមើលពីឱកាសក្នុងការរកស៊ីជួញដូរនៅម្ដុំនោះ។
លោកថ្លែងថា “សម្រាប់ការអនុវត្តជាក់ស្ដែង ទាល់តែយើងដឹងពីពេលវេលាជាក់លាក់ថា តើគម្រោងទាំងអស់ហ្នឹងចាប់ផ្ដើមអនុវត្តនៅពេលណា?” លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ នៅតែជាសញ្ញាមួយក្នុងការបង្ហាញទំនុកចិត្តរបស់វិនិយោគិនថា យើងនឹងមានគម្រោងហ្នឹងណាមួយក្នុងក្រុងល្វាឯមពេលអនាគត”។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍ លើកឡើងថា ល្វាឯមអាចក្លាយទៅជាទីក្រុងរណប នៅពេលអនាគត ដែលអាចដើរតួនាទីសំខាន់ជាទីក្រុងទំនើប ព្រោះភ្នំពេញបច្ចុប្បន្ននឹងប្រែក្លាយជាទីក្រុងបុរាណ ដោយផ្អែកតាមរចនាសម្ព័ន្ធសំណង់ និងផ្លូវថ្នល់បែបបុរាណបន្សល់ទុកច្រើន។
លោកបន្តថា “ស្រុកឯល្វាឯមនឹងក្លាយជាក្រុងទំនើប សម័យថ្មីដែលបង្ហាញពីការលូតលាស់របស់ប្រទេសកម្ពុជា ហើយម្យ៉ាងល្វាឯមនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ ដោយមានស្ពានជាតំណភ្ជាប់ ដែលនឹងធ្វើឲ្យមានការលូតលាស់ផ្នែកអចលនទ្រព្យទៅជាមួយ”។
ស្រុកល្វាឯមស្ថិតនៅខេត្តកណ្ដាលមាន ១៥ ឃុំ និងភូមិសរុបចំនួន៤៣៕