សម្តេចតេជោៈ វិបត្តិថ្មីៗមួយចំនួនកំពុងជំរុញឲ្យមាននិន្នាការពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក

0

ដោយៈសុផារី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឲ្យមាននិន្នាការឆ្ពោះទៅរក ការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចបានបញ្ជាក់ថា “ប៉ុន្តែនេះមិនមានន័យថា បញ្ហាទាំងនេះ នឹងតម្រូវឲ្យបណ្ដាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឲ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្ដាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងន័យនេះ អាស៊ានគួរតែរួមជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឲ្យមានការរៀបចំក្របខ័ណ្ឌ ជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឲ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រក​បដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណា លើគំនិតផ្ដួចផ្ដើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលសម្ដេចធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here