ប្រធានJETROអះអាងថា ចំនួនអ្នកធុរកិច្ចជប៉ុនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

0

ដោយៈសុផារី

ភ្នំពេញៈ ជនជាតិបរទេសដែលបានចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ជនជាតិចិន ជប៉ុន និងអឺរ៉ុប។ យ៉ាងណាក្តី ជាការកត់សម្គាល់ ចំនួននៃអ្នកវិនិយោគជនជាតិជប៉ុន មានចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងជនជាតិចិន។

អ្នកជំនាញជនជាតិជប៉ុន បានលើកឡើងពីមូលហេតុចម្បង ដែលអ្នកជំនួញ និងវិនិយោគិនជប៉ុន មិនសូវមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈសព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនជាច្រើន ចាប់ផ្ដើមរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ នៅកម្ពុជា ដែលមានឈ្មោះបោះសំឡេង និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ពួកគាត់។

លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលត្រូវបានបង្កើត ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ ទំនាក់ទំនងដ៏ល្អប្រសើ ររវាងកម្ពុជា-ជប៉ុនបានលើកឡើងថា កិច្ចសហការលើវិស័យពាណិជ្ជកម្ម ការនាំចេញ នាំចូល រួមទាំងសកម្មភាពវិនិយោគជប៉ុនកម្ពុជា កាន់តែល្អប្រសើរឡើងៗ។ សកម្មភាពពាណិជ្ជកម្មទ្វេភាគរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ បើគិតចាប់តាំងពីឆ្នាំ២០១៥មក ហើយកិច្ចសហការស្ទើរគ្រប់វិស័យនេះ បានបន្តកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។

យ៉ាងណាក្តី លោកស្រី Marisa Haruta បានបង្ហាញនូវហេតុផលមួយចម្បង ដែលក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើនផ្សេងទៀត មិនទាន់បន្តដាក់គោលដៅវិនិយោគមកកម្ពុជានៅឡើយ ក៏ព្រោះតែពួកគាត់ មិនទាន់បានទទួលព័ត៌មាន ពីឱកាសវិនិយោគនៅកម្ពុជាបានគ្រប់ជ្រុងជ្រោយ។

លោកស្រីនិយាយថា តាមរយៈការបង្កើតតំណាងការិយាល័យ នៅភ្នំពេញ និងមានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទើបកម្ពុជានិងជប៉ុនបន្តចាប់ដៃជាមួយគ្នាយ៉ាងពេញទំហឹង និងកាន់តែមានឱកាសបន្តសហការសឹងគ្រប់វិស័យទៅវិញទៅមក។

លោកស្រីបន្តថា ខាងអង្គការបានព្យាយាមផ្សព្វផ្សាយ និងបង្កើតវីដេអូបង្ហាញពីកាលានុវត្តភាព នៃឱកាសវិនិយោគជាច្រើនរបស់កម្ពុជា ឱ្យអ្នកវិនិយោគជប៉ុនបានឃើញកាន់តែទូលំទូលាយ ហើយក៏បាននឹងកំពុងបន្តសកម្មភាពកៀរគរវិនិយោគិនជប៉ុនឱ្យបន្តចាប់អារម្មណ៍ វិនិយោគក្នុងប្រទេ​សកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។

អង្គការ JETRO ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលជប៉ុន បានដឹកនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា តាមរយៈការជួយដល់ក្រុមហ៊ុនជប៉ុន ដែលចាប់អារម្មណ៍ ក្នុងការចុះមកសិក្សាស្វែងយល់ដោយផ្ទាល់ ដល់ទីតាំងក្រុមហ៊ុន ឬសហគ្រាស ដែលពួកគាត់ចង់សហការនៅកម្ពុជា។

លោកស្រីគូសបញ្ជាក់ថា “មកទល់ពេលនេះ បញ្ហាកូវីដ១៩ នៅកម្ពុជា លែងជាឧបសគ្គទៀតហើយ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងសមាគមមួយចំនួននៅកម្ពុជា យើងខ្ញុំនឹងជំរុញការផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមហ៊ុនវិនិយោគជប៉ុន ឱ្យបានកាន់តែខ្លាំងថែមទៀត”។

លោកស្រីបន្ថែមទៀតថា មានក្រុមហ៊ុនជប៉ុនជាច្រើន កំពុងចង់ចាប់ផ្ដើមរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ នៅកម្ពុជាកាន់តែច្រើន ជាពិសេ​សខាងជប៉ុនក៏កំពុងសំឡឹងមើលក្រុមហ៊ុន សហគ្រាសជាដៃគូនៅកម្ពុជា ដែលពួកគាត់មានឈ្មោះបោះសំឡេង និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ពួកគាត់។

ជាមួយគ្នានេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីសប្តាហ៍មុននេះ បានស្នើសុំការគាំទ្រដល់ក្រុមហ៊ុនរបស់ជប៉ុន ដែលធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងការបង្កើតរោងចក្រផលិតរថយន្ត Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាក់ទុកសំណើរបស់នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុននេះថា ជាអ្វីដែលកម្ពុជាត្រូវការចាំបាច់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុនចំនួន១៤៨គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ២,៨៥ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here