ដោយៈ គង់ ម៉ាលីនណា
កោះកុងៈ ប្រជាពលរដ្ឋខិលខូចមួយចំនួន បានចូលទន្រ្ទាន និងធ្វើសកម្មភាពទិញ លក់ ដីរបស់ក្រសួងកសិកម្មដោយខុសច្បាប់ ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់រកឃើញដំណោះស្រាយនៅឡើយទេ។
ថ្នាក់ដឹកនាំខេត្តកោះកុងកាលពីថ្ងៃទី៤ រតុលាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលដីមានទំនាស់នេះ ជាដីស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទីតាំងដីដែលមានទំនាស់នេះ គឺជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ ទិញ លក់ ខុសច្បាប់។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច អង្គប្រជុំនឹងធ្វើរបាយការណ៍ អំពីជម្រើសសម្រាប់ជាការដោះស្រាយករណីទំនាស់ដីធ្លីនេះ ជូនប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ និងធ្វើរបាយការណ៍ ជូនលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសូមអនុសាសន៍ណែនាំបន្ថែម សម្រាប់រដ្ឋបាលខេត្ត យកមកអនុវត្តបន្តតាមនីតិវិធី៕