ដោយៈ សុខុម
ហុងកុង: កំពូលមហាសេដ្ឋី Elon Musk បានបង្កការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត នៅពេលលោកស្រាប់តែប្ដូរចិត្ត ព្រមទិញយកក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ហើយថែមទាំងបង្ហាញមហិច្ឆតា ចង់ស្រវាទិញយក WeChat របស់ប្រទេសចិន ថែមទៀត។
យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ខែតុលា ឱ្យដឹងថា ពេលនេះលោកElon Musk កំពុងមានគម្រោងទិញយក WeChat ដែលជាPlatform បណ្ដាញទំនាក់ទំនងសង្គមកំពូលរបស់ប្រទេសចិន ខណៈកំពុងរៀបចំផែនការអនាគត សម្រាប់ក្រុមហ៊ុនTwitter។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តគ្គិសនី Tesla ដ៏ល្បីល្បាញរូបនេះបាននិយាយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ថា លោកចង់បង្កើត App ថ្មីមួយឱ្យឈ្មោះថា “X” បន្ទាប់ពីទិញយកក្រុមហ៊ុន Twitter។
លោកបានសរសេរបង្ហោះលើគណនី Twitter ថា “ការទិញយកក្រុមហ៊ុន Twitter គឺជាការពន្លឿនផែនការ ដើម្បីឈានទៅដល់ការបង្កើត App ឈ្មោះ X ដែលមានគ្រប់យ៉ាង”។
ការអត្ថាធិប្បាយរបស់លោក Elon Musk ធ្វើឡើងក្រោយពីធ្លាយដំណឹងថា លោកបានប្ដូរចិត្តជាថ្មីម្ដងទៀត ដោយព្រមទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃពេញ៤៤ពាន់លានដុល្លារ ដូចដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ដើមឆ្នាំនេះ។
កំពូលមហាសេដ្ឋីមានបំផុត ក្នុងពិភពលោករូបនេះ បានប្ដូរចិត្តទិញយកក្រុមហ៊ុន Twitter ដែលជាបណ្តាញទំនាក់ទំនងសង្គម ដ៏មានឥទ្ធិពលបំផុតមួយ បន្ទាប់ពីមានជម្លោះប្ដឹងផ្ដល់គ្នា ឡើងដល់តុលាការជាច្រើនខែដោយសារតែលោកលេបសម្ដីថាឈប់ទិញ៕ CNN៕