ដោយស៊ីវ ម៉េង
ភ្នំពេញ:កំនើនល្អប្រសើរនៃកំណើនរឹងមាំនៃវិស័យសំណង់ ការបន្តកំណើនខ្ពស់នៃវិស័យកាត់ដេរ និងកំណើនសមរម្យនៃវិស័យកសិកម្ម រួមជាមួយការងើបឡើងវិញនៃវិស័យទេសចរ និងការលក់ដុំ-លក់រាយ នឹងរុញកំនើនសេដ្ឋកិច្ចកម្ពុជាជាមួយនឹងកំនើន៧,៣ភាគរយនៅឆ្នាំនេះ។លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្រ្តី បានថ្លែងប្រាក់ក្រុមសារព័ត៌មាន នៅក្នុងពិធីសម្ពោធពិរព័ណផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣ ឆ្នាំ២០១៨កន្លងមកថា នៅក្នុង២ទស្សវត្សចុងក្រោយនេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈល្អប្រសើរ គឺធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៧ភាគរយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះថែមទាំងសម្រេចបានជាងបង្គោលចរជាប្រវត្តិសាស្រ្ត គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយចេញជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ព្រមទាំងបានចាត់ទុកថា ខ្លាសេដុ្ឋកិច្ចថ្មីក្នុងអាស៊ីនៅឆ្នាំ២០១៦កន្លងមក។
លោកបន្តថា “កំនើនសេដ្ឋកិច្ចដែលរំពឹងសម្រេចបាននេះ ក៏រួមបញ្ចូលនូវកំលាំងចលករ ជាមួយការងើបឡើងវិញនៃវិស័យទេសចរ និងការលក់ដុំ-លក់រាយ ក្នុងនោះជាការព្យាករណ៍នៅក្នុងរយៈពេលមធ្យម កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%តែទោះបីកម្ពុជាសម្រេចបាននូវកំណើនផលិតផលល្អប្រសើរ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលមិនដែលមានអារម្មណ៍ស្កប់ស្កល់ ឬបន្ថយការប្រឹងប្រែងនោះឡើយ ពោលគឺស្មារតីរាជរដ្ឋាភិបាលអណត្តិទី៦ បានដាក់ចេញនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ ដែលមានរបៀបវារៈនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលក្នុងនោះមានវិធានការកែទម្រង់ចំៗ និងច្បាស់លាស់ក្នុងគ្រប់វិស័យផងដែរ។

លោកអូន ព័ន្ធមុនីរ័ត្ន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែធ្វើបុរេសកម្ម និងបន្តកែទម្រង់ស៊ីជម្រៅប្រកបដោយភាពម៉ឺង ម៉ាត់ និងប្រាកដប្រជា ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅរកវិស័យកាត់ដេរដែលមានតម្លៃបន្ថែមខ្ពស់ និងវិស័យសក្តានុពលផ្សេងៗទៀត ដើម្បីបន្តធានាចីរភាពក្នុងរយៈពេលមធ្យម និងរយៈវែង ក្នុងនោះតាមយុទ្ធសាស្រ្តដំណាក់កាលទី៤ និងគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺកម្ពុជាកំពុងជម្រុញអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួន ដោយផ្តោតទៅលើវិស័យសេដ្ឋកិច្ចគន្លឹះថ្មីៗ ឧស្សាហកម្មមិនមែនកាត់ដែរដូចជា ឧស្សាហកម្មគ្រឿងបង្គុំ អេឡិចត្រូនិច កង់ គ្រឿងសង្ហារឹម នឹងឧស្សាហកម្មតម្លើងយានយន្ត ជាពិសេសការជម្រុញសហគ្រាសធុនតូច និងមធ្យមជាដើម។
អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី៧ និង៨ ធ្នូកន្លងមកនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,៣ភាគរយផងដែរ ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ៧%ក្នុងមួយឆ្នាំផងដែរ។
សម្តេចតេជោបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន នូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕