ដោយ: លាងហួរ
ហ្សាកាតា: គម្រោងផ្លូវរថភ្លើងល្បឿនលឿន ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន នឹងឈានទៅបើកដំណើរការនៅឆ្នាំ២០២៣ ទោះបីជាប្រទេសទាំង២កំពុងចរចាគ្នាអំពីគម្រោងនេះថាប្រើប្រាស់លើសថវិកាក៏ដោយ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានត្រួតពិនិត្យស្ថានីយ៍រថភ្លើងថ្មីមួយ ជាទីតាំងដែលក្រុមហ៊ុនសាងសង់ផ្លូវដែក PT KCIC បានដាក់បង្ហាញរថភ្លើង ដែលផលិតនៅប្រទេសចិននៅលើផ្លូវដែក។
ខ្សែរថភ្លើងប្រវែង១៤២គីឡូម៉ែត្រនេះ នឹងតភ្ជាប់រដ្ឋធានីហ្សាកាតាជាមួយនឹងទីក្រុងដ៏ធំបំផុតមួយ របស់ប្រទេសឥណ្ឌូណេស៊ីគឺ ទីក្រុងបាងដុង(Bandung)។
លោកបានមានប្រសាសន៍ថា “ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងក្លាយជាផ្លូវដំបូងគេក្នុងអាស៊ាន ហើយយើងសង្ឃឹមថា វានឹងបង្កើនការតភ្ជាប់រវាងប្រទេសនានា និងតភ្ជាប់បន្ថែមទៀតទៅកាន់ព្រលានយន្តហោះ ឬផ្លូវរថភ្លើងល្បឿនលឿនផ្សេងទៀត នៃបណ្តាប្រទេសសមាជិកអាស៊ាន”។
លោក Joko widodo បានបន្តថា គម្រោងនេះសម្រេចបានការសាងសង់៨៨,៨ភាគរយ ហើយគ្រោងបើកដំណើរការពាណិជ្ជកម្ម នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
ក្រុមហ៊ុន KCIC បានរាយការណ៍ថា គម្រោងនេះកំពុងប្រឈមនឹងការចំណាយលើសប្រមាណ២ពាន់លានដុល្លារ ដែលបង្កើនការចំណាយសរុបដល់១១៣ពាន់ពាន់លានរូពៀ (៧,៣៦ពាន់លានដុល្លារ)។ចំណែកប្រទេសចិនបានប៉ាន់ប្រមាណគម្រោងនេះថា ត្រូវចំណាយថវិកាតិចជាង១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ប្រធានក្រុមហ៊ុន KCIC លោក Dwiyana Slamet Riyadi បានបញ្ជាក់ពីភាពមិនស្របគ្នា ក្នុងការគណនាតម្លៃ ដោយនិយាយថាការចរចាកំពុងដំណើរការដើម្បីដោះស្រាយបញ្ហានេះ៕