ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមាន បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច សង្គមកាលពីចុងឆ្នាំមុនរបស់រដ្ឋាភិបាល បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មនៅកម្ពុជាបានដំណើរការដោយរលូន។
អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ ពិសេសអ្នកធ្វើការងារក្នុងភាពជាភ្នាក់ងារក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា និន្នាការស្វែងរកជួលហាងបើកអាជីវកម្មនានា បានកើនឡើងតាំងពីត្រីមាសទី២ដើមឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលា ឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេលពេញមួយត្រីមាសទី៣ ឆ្នាំ២០២២ មានម៉ាកផលិតផលល្បីៗ ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន១០ បានចូលមកក្នុងទីផ្សារលក់រាយ នៅក្នុងក្រុងភ្នំពេញ ខណៈពេលដែលស្លាកយីហោចំនួន៦២ ផ្សេងទៀតបានពង្រីកសាខាបន្ថែមទៀត ដូចជា H&M Cambodia The Pizza Company Adidas Starbucks Krispy Kreme ជាដើម។
អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានាស្វែងរកជួលផ្ទះដើម្បីបើកហាង ឬអាជីវកម្មរបស់ពួកគេមានកំនើនខ្ពស់ និងល្អប្រសើរឡើងវិញ តាំងពីពេលរដ្ឋាភិបាលបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចសង្គម ពិសេសវិស័យទេសចរណ៍ឡើងវិញ។
អ្នកស្រីបានបន្តថា “អ្នកស្វែងរកផ្ទះ ដើម្បីបើកហាងឬអាជីវកម្មនានា ហាក់មានភាពស្រេកឃ្លានក្នុងទីផ្សារ ពួកគាត់ហាក់ផ្តោតនិងបង្ហាញសកម្មភាពគួរឲ្យរីករាយ និងសកម្ម”៕