ការប្រកួតប្រជែងខ្ពស់ផ្នែកទីផ្សារលំនៅដ្ឋាន ធ្វើឲ្យអ្នកវិនិយោគបង្កើនគុណភាពនិងសោភ័ណភាព

0

ដោយៈ សុផារី

ភ្នំពេញៈ ការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារបុរី បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ធ្វើការសំរិតសំរាំងកាន់តែខ្លាំង លើគុណភាពសំណង់ និងសោភ័​ណភាពនៃគម្រោងរបស់ខ្លួន ដើម្បីដណ្តើមបានចំណែកទីផ្សារ ដែលកំពុងតែចង្អៀតនេះ។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ទីផ្សារបុរីគ្រប់ប្រភេទ និងគ្រប់ទម្រង់កំពុងប្រឈមការប្រកួតប្រជែងខ្ពស់ ដែលជំរុញឱ្យមានការធ្លាក់ចុះតម្លៃគួរឱ្យកត់សម្គាល់។

របាយការណ៍នេះឱ្យដឹងថា នៅក្នុងត្រីមាសទី៣ មានគម្រោងអភិវឌ្ឍន៍ចំនួនជាង១៩០បាន និងកំពុងសាងសង់គម្រោងបុរី ដែលនាំឱ្យមានការផ្គត់ផ្គង់ថ្មីជិត៧ម៉ឺនយូនីត ទៅក្នុងទីផ្សារបុរីនៅក្នុងក្រុងភ្នំពេញ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីដើមសប្តាហ៍ថា ថ្វីត្បិតតែមានការប្រកួតប្រជែងខ្ពស់ពិតមែន តែតម្លៃនៃលំនៅឋាននៅក្នុងប្រទេសមិនអាចធ្លាក់ចុះបានទេ ព្រោះការនាំចូលវត្ថុធាតុដើមពីបរទេស ការកើនឡើងនៃតម្លៃថាមពលប្រេងឥន្ធនៈ អតិផរណា និងតម្លៃពលកម្មដែលកើនឡើងផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា ផ្ទុយទៅវិញ អ្នកអភិវឌ្ឍន៍ប្រកួតប្រជែងគ្នា ដោយព្យាយាម ក្នុងការបង្កើននូវតម្លៃបន្ថែម ដល់គម្រោងលក់របស់ខ្លួន តាមរយៈការបង្កើនគុណភាពសំណង់ ការរចនាប្លងស្ថាបត្យកម្មស្រស់ស្អាតខុសប្លែកពីគេ និងភាពជាក់លាក់នៃច្បាប់ទម្លាប់សាងសង់។

លោកឧកញ៉ាមានប្រសាសន៍ថា “ឥឡូវនេះ អ្នកអភិវឌ្ឍន៍ធ្វើអ្វីផ្ចិតផ្ចង់លើច្បាប់ទម្លាប់ ការបំពេញកាតព្វកិច្ចផ្សេងៗ ធ្វើបង្កើនគុណភាព និងសម្រស់”។ លោកបន្តថា “នេះជាផលចំណេញក្នុងការប្រកួតប្រជែង និងការផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកទិញ”។

ចំណែកលោកឧកញ៉ា តេង រិទ្ធី ស្ថាបនិកក្រុមហ៊ុន R Investment Group បានលើកឡើងថា អ្នកសាងសង់លំនៅឋាន បុរី គួរបន្ថែមអ្វីថ្មី ដែលអាចយកឈ្នះលើដៃគួប្រកួតប្រជែង ដោយការស្វែងរកនូវទីតាំងដែលសមស្របមួយ ហើយអភិវឌ្ឍន៍ឱ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដើម្បីបង្គើតជាតំបន់លំនៅឋាន ឬបុរី ប្រកបដោយនិរន្តភាព។

លោកបណ្ឌិតបន្ថែមថា អ្នកអភិវឌ្ឍន៍គួរយកចិត្តទុកដាក់លើការបង្កើនបរិយាកាស ខ្យល់អាកាសបរិសុទ្ធ សួនច្បារ សុវត្ថិភាព ប្រព័ន្ធទឹក ភ្លើង គុណភាពសំណង់ ជាដើម ដោយសារប្រជាជនកម្ពុជាបច្ចុប្បន្ននេះនិយមក្នុងការជ្រើសរើសប្រភេទលំនៅឋាន ដែលមានទីធ្លាធំ និងបរិយាកាសល្អ។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍ថា ស្របពេលនិន្នាការនេះកំពុងបន្ត អ្នកអភិវឌ្ឍន៍មានការគិតគូរច្រើនជាងមុន អំពីការកំណត់តម្លៃ ដើម្បីផ្តល់ជូននូវតម្លៃប្រកួតប្រជែងល្អមួយដល់អតិថិជន ដែលនាំឱ្យពួកគាត់កាន់តែប្រយ័ត្នប្រយែង ក្នុងការជ្រើសរើសក្រុមហ៊ុនម៉ៅការសំណង់ និងសម្ភារសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here