ដោយស៊ីវ ម៉េង
ភ្នំពេញ: វិស័យអចលនវត្ថុនៅកម្ពុជា នឹងនៅបន្តកំណើនយ៉ាងលឿនទៅមុខទៀត ដោយសារវិនិយោគគិនធំៗចិន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងកម្ពុជាហាក់មិនបានបង្ហាញនូវការរារែក ឬថមថយចំពោះការវិនិយោគនោះទេ ពិសេសគំរោងធំៗទាំងអាគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូទំនើប ឬបុរីដែលមានតម្លៃខ្ពស់ តម្លៃមធ្យម តម្លៃទាប នៅតែបន្តការសាងសង់ និងចេញលក់គម្រោងថ្មីជាបន្តបន្ទាប់។
ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បាននិងកំពុងដំណើរការលើសេវាទិញ-លក់-ជួលអចលនវត្ថុចាប់តាំងពីឆ្នាំ២០១៥មក បច្ចុប្បន្នមានការិយាល័យនៅក្នុងខណ្ឌសែនសុខជិតផ្សារទំនើបអ៊ីអន២ មានបុគ្គលិកបម្រីការងារជាង២០រូប ធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ជាពិសេសតំបន់សែនសុខ ច្បារអំពៅ និងជ្រោយចង្វារ។ ដោយសារមើលឃើញពីសក្តានុពល ភាពមមាញឹកក្នុងការផ្តល់សេវានៅតំបន់ច្បារអំពៅ និងការធ្វើដំណើរត្រូវចំណាយពេលយូរ (ពីការិយាល័យសែនសុខទៅច្បារអំពៅចំណាយពេលចន្លោះពី១ម៉ោងទៅ១ម៉ោងកន្លះ) និងដោយឈរលើទស្សនះវិស័យ “ផ្តល់សេវាលឿន និងល្អបំផុត ប្រកបដោយទំនុកចិត្ត ផលចំណេញ និងគុណភាព ដល់អតិថិជន” Century 21 Dream Property គឺជា Franchise Office ដំបូងគេបង្អស់ដែលពង្រីកសាខា ហើយបានជ្រើសរើសយកសាខាទី១របស់ខ្លួននៅក្នុងខណ្ឌច្បារអំពៅ។
ក្រុមហ៊ុនCentury 21 Dream Property ជាមួយនឹងម៉ូដែលអាជីវកម្ម ដែលផ្តោតលើ Re-saleផ្ទះក្នុងបុរី ហើយតំបន់ច្បារអំពៅជាពិសេសបុរីប៉េង ហ៊ួត បឹងស្នោរ បច្ចុប្បន្នកំពុងមានប្រតិបត្តិការទិញលក់ច្រើន ហើយតំបន់ជុំវិញនោះបាននឹងកំពុងក្លាយជាតំបន់ពាណិជ្ចកម្មយ៉ាងមមាញឹករួចទៅហើយ។
ផ្សារទំនើបEco-Mall និងខុនដូ នៃបុរីប៉េង ហួតកំពុងសាងសង់គឺដូចគ្នានឹងតំបន់សែនសុខកាលពីឆ្នាំ២០១៦ ដូចនេះយើងអាចព្យាករណ៍ថា តម្លៃផ្ទះនឹងនៅបន្តកើនឡើងទៀតនៅពេលដែលផ្សារទំនើបនេះសាងសង់រួច។
ការបើកសាខាថ្មីនេះ វាក៏ជាផ្នែកមួយនៃផែនការជាយុទ្ឋសាស្រ្ត នៃការលើកទឹកចិត្តបុគ្គលិកឆ្នើម ឲ្យក្លាយជាអ្នកគ្រប់គ្រងសាខា។ ជាមួយនឹងទីតាំងសាខាថ្មីនេះ យើងអាចពង្រីកតំបន់ប្រតិបត្តិការទូទាំងខណ្ឌ និងខណ្ឌនៅជិតនោះរួមមានតំបន់ផ្លូវ៦០ម៉ែត្រ តំបន់ប៉ែកខាងកើតនិងខាងត្បូង។ ក្រៅពីលក់ផ្ទះនៅក្នុងបុរីប៉េងហ៊ួត យើងក៏ទទួលលក់ផ្ទះនៅក្នុងបុរីផ្សេងៗទៀត លក់ដី និង លក់គម្រោងផងដែរ។
ការរីកចម្រើននេះ ក៏មិនអាចកាត់ផ្តាច់ចេញពីកំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាង៧%ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ កត្តាសំខាន់មួយទៀតគឺសេ្ថរភាពនយោបាយមានស្ថេរភាព សំបូរដោយយុវជនវ័យក្មេង និងពេញកម្លាំង ទីតាំងភូមិសាស្រ្តនៅកណ្តាលអាស៊ាន ប្រទេសកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ និងផ្លូវសំខាន់ៗនានា ផ្លូវទំនប់កប់ស្រូវ ផ្លូវលេខ៥១ ការពង្រីកផ្លូវជាតិនានារួមមានផ្លូវជាតិលេខ២ លេខ៣ និងលេខ៥ ស្ពានឆ្លងទន្លេ ផ្លូវរថភ្លើង និង កំណើនប្រជាជនមកនៅទីក្រុងជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodia លោកគុយ វ៉ាតបានមានប្រសាសន៍ថា ភាពខ្លាំងនៃក្រុមហ៊ុនCentury21 Dream Property និងក្រុមគ្រួសារCentury21 ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។
លោកបន្តថា ចាប់តាំងពីនាំ Franchiseក្រុមហ៊ុនCentury21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ យើងបានរៀបចំផែនការ គន្លឹះ បច្ចេកទេស និងយុទ្ឋសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ។
លោកបន្តថា “ ក្រុមហ៊ុននេះរីកចម្រើនខ្លាំង ដែលធ្វើឲ្យខ្ញុំគិតមិនដល់ និងមិននឹងស្មានដល់”។លោកបន្តថា “ថ្នាក់ដឹកនាំសំខាន់គឺពួកគាត់មានឳកាសចូលរួម សហការគ្នាចែករំលែកគ្នា នឹងទទួលបានជោគជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើមិនអស់ និងមានផលប្រយោជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុពល”។
លោកគុយ វ៉ាតបានបន្តទៀតថា បច្ចុប្បន្នសមាជិកក្រុមគ្រួសារCentury21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ៕