ក្រុមហ៊ុនCentury 21 Dream Propertyចាប់ផ្តើមពង្រីកសក្តានុពលទីផ្សារថ្មី

0

ដោយស៊ីវ ម៉េង
​ភ្នំពេញ: វិស័យអចលនវត្ថុនៅកម្ពុជា នឹងនៅបន្តកំណើនយ៉ាងលឿនទៅមុខទៀត ដោយសារវិនិយោគគិនធំៗចិន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងកម្ពុជាហាក់មិនបានបង្ហាញនូវការរារែក ឬថមថយចំពោះការវិនិយោគនោះទេ ពិសេសគំរោងធំៗទាំងអាគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូទំនើប ឬបុរីដែលមានតម្លៃខ្ពស់ តម្លៃមធ្យម តម្លៃទាប នៅតែបន្តការសាងសង់ និងចេញលក់គម្រោងថ្មីជាបន្តបន្ទាប់។

ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បាននិងកំពុងដំណើរការលើសេវាទិញ-លក់-ជួលអចលនវត្ថុចាប់តាំងពីឆ្នាំ២០១៥មក បច្ចុប្បន្នមានការិ​យាល័យនៅក្នុងខណ្ឌសែនសុខជិតផ្សារទំនើបអ៊ីអន២ មានបុគ្គលិកបម្រីការងារជាង២០រូប ធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ជាពិសេសតំបន់សែនសុខ ច្បារអំពៅ និងជ្រោយចង្វារ។ ដោយសារមើលឃើញពីសក្តានុពល ភាពមមាញឹកក្នុងការផ្តល់សេវានៅតំបន់ច្បារអំពៅ និងការធ្វើដំណើរត្រូវចំណាយពេលយូរ (ពីការិយាល័យសែនសុខទៅច្បារអំពៅចំណាយពេលចន្លោះពី១ម៉ោងទៅ១ម៉ោងកន្លះ) និងដោយឈរលើទស្សនះវិស័យ “ផ្តល់សេវាលឿន និង​ល្អបំផុត ប្រកបដោយទំនុកចិត្ត ផលចំណេញ និង​គុណភាព ដល់អតិថិជន” Century 21 Dream Property គឺជា Franchise Office ដំបូងគេបង្អស់ដែលពង្រីកសាខា ហើយបានជ្រើសរើសយកសាខាទី១របស់ខ្លួននៅក្នុងខណ្ឌច្បារអំពៅ។

ក្រុមហ៊ុនCentury 21 Dream Property ជាមួយនឹងម៉ូដែលអាជីវកម្ម ដែលផ្តោតលើ Re-saleផ្ទះក្នុងបុរី ហើយតំបន់ច្បារអំពៅជាពិសេសបុរីប៉េង ហ៊ួត បឹងស្នោរ បច្ចុប្បន្នកំពុងមានប្រតិបត្តិការទិញលក់ច្រើន ហើយតំបន់ជុំវិញនោះបាននឹងកំពុងក្លាយជាតំបន់ពាណិជ្ចកម្មយ៉ាងមមាញឹករួចទៅហើយ។


ផ្សារទំនើបEco-Mall និងខុនដូ នៃបុរីប៉េង ហួតកំពុងសាងសង់គឺដូចគ្នានឹងតំបន់សែនសុខកាលពីឆ្នាំ២០១៦ ដូចនេះយើងអាចព្យាករណ៍ថា តម្លៃផ្ទះនឹងនៅបន្តកើនឡើងទៀតនៅពេលដែលផ្សារទំនើបនេះសាងសង់រួច។

ការបើកសាខាថ្មីនេះ វាក៏ជាផ្នែកមួយនៃផែនការជាយុទ្ឋសាស្រ្ត នៃការលើកទឹកចិត្តបុគ្គលិកឆ្នើម ឲ្យក្លាយជាអ្នកគ្រប់គ្រងសាខា។ ជាមួយនឹងទីតាំងសាខាថ្មីនេះ យើងអាចពង្រីកតំបន់ប្រតិបត្តិការទូទាំងខណ្ឌ និងខណ្ឌនៅជិតនោះរួមមានតំបន់ផ្លូវ៦០ម៉ែត្រ តំបន់ប៉ែកខាងកើតនិងខាងត្បូង។ ក្រៅពីលក់ផ្ទះនៅក្នុងបុរីប៉េងហ៊ួត យើងក៏ទទួលលក់ផ្ទះនៅក្នុងបុរីផ្សេងៗទៀត លក់ដី និង លក់គម្រោងផងដែរ។

​ការរីកចម្រើននេះ ក៏មិនអាចកាត់ផ្តាច់ចេញពីកំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេ​ចបានជាង៧%ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ កត្តាសំខាន់មួយទៀតគឺសេ្ថរភាពនយោបាយមានស្ថេរភាព សំបូរដោយយុវជនវ័យក្មេង និងពេញកម្លាំង ទីតាំងភូមិសាស្រ្តនៅកណ្តាលអាស៊ាន ប្រទេសកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ និងផ្លូវសំខាន់ៗនានា ផ្លូវទំនប់កប់ស្រូវ ផ្លូវលេខ៥១ ការពង្រីកផ្លូវជាតិនានារួមមានផ្លូវជាតិលេខ២ លេខ៣ និង​លេខ៥ ស្ពានឆ្លងទន្លេ ផ្លូវរថភ្លើង និង កំណើនប្រជាជនមកនៅទីក្រុងជាដើម។

​ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodia លោកគុយ វ៉ាតបានមានប្រសាសន៍ថា ភាពខ្លាំងនៃក្រុមហ៊ុនCentury21 Dream Property និងក្រុមគ្រួ​សារCentury21 ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។

លោកបន្តថា ចាប់តាំងពីនាំ Franchiseក្រុម​ហ៊ុនCentury21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ យើងបានរៀបចំផែនការ គន្លឹះ បច្ចេក​ទេស និងយុទ្ឋសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ។

​លោកបន្តថា “ ក្រុមហ៊ុននេះរីកចម្រើនខ្លាំង ដែលធ្វើឲ្យខ្ញុំគិតមិនដល់ និងមិននឹងស្មានដល់”។លោកបន្តថា “ថ្នាក់ដឹកនាំសំខាន់គឺពួកគាត់មានឳកាសចូលរួម សហការគ្នា​ចែករំលែកគ្នា នឹងទទួលបានជោគជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើ​មិនអស់ និងមានផលប្រយោជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុ​ពល”។

​លោកគុយ វ៉ាតបានបន្តទៀតថា បច្ចុប្បន្នសមាជិកក្រុមគ្រួសារCentury21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here