ដោយវុត្ថា
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នូវសមិទ្ធិផលធំៗជាច្រើនដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាអោយមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមលំហូរទុនក្នុងវិស័យនេះកើនឡើងនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងនេះបានបង្ហាញថា ក្រសួងបានធ្វើការចុះបញ្ជីដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មកដល់ពេលនេះនេះបានចំនួន៥,០៧លានប័ណ្ណ ស្មើ៧២,៤% នៃផែនការចំនួន៧លានក្បាលដីនៅទូទាំងប្រទេសកម្ពុជា។ ចំណែកការចុះបញ្ជី នៃចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន២៤,៦៨ ចំណែកឯកជន (កម្មសិទ្ធិករជាជនបរទេសមានចំនួន៧៣៣ប័ណ្ណ)។

ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ ២០១៧ មានចំនួនប្រមាណ៦៤០០ លានដុល្លារអាមេរិក និងបានផ្តល់ការងារធ្វើប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។ ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង។ សំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន១១០០អគារ។







