ដោយវុត្ថា
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នូវសមិទ្ធិផលធំៗជាច្រើនដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាអោយមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមលំហូរទុនក្នុងវិស័យនេះកើនឡើងនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងនេះបានបង្ហាញថា ក្រសួងបានធ្វើការចុះបញ្ជីដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មកដល់ពេលនេះនេះបានចំនួន៥,០៧លានប័ណ្ណ ស្មើ៧២,៤% នៃផែនការចំនួន៧លានក្បាលដីនៅទូទាំងប្រទេសកម្ពុជា។ ចំណែកការចុះបញ្ជី នៃចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន២៤,៦៨ ចំណែកឯកជន (កម្មសិទ្ធិករជាជនបរទេសមានចំនួន៧៣៣ប័ណ្ណ)។
ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ ២០១៧ មានចំនួនប្រមាណ៦៤០០ លានដុល្លារអាមេរិក និងបានផ្តល់ការងារធ្វើប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។ ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង។ សំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន១១០០អគារ។
ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្មសិក្សាគម្រោងប្លង់ មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។
ប្រទេសមកវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាចំនួន១៨ តាមលំដាប់លេខរៀងទំហំវិនិយោគរួមមាន ១.ប្រទេសចិន ២.កូរ៉េ ៣.ជប៉ុន ៤. ថៃ ៥.សិង្ហបុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០. កាណាដា ១១. ឡាវ ១២. វៀតណាម ១៣. ឥណ្ឌូនេស៊ី ១៤. បារាំង ១៥. ឥណ្ឌា ១៦.អាមេរិក ១៧. ហូឡង់ និង១៨. ប៊ែលហ្សិក៕