ខេត្តចំនួនពីរស្ថិតនៅកៀករាជធានីភ្នំពេញទទួលបានការវិនិយោគលើ វិស័យឧស្សាហកម្មច្រើនជាងគេ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកលដល់បច្ចុប្បន្ននេះគេសង្កេតឃើញថា ការវិនយោគលើវិស័យឧស្សាហកម្ម នៅក្នុងប្រទេសនៅតែទទួលបានកំណើនជាលំដាប់ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩និងវិបត្តិសង្គ្រាមកើតឡើងកាលពីដើមឆ្នាំនេះក្ដី។

ក្នុងចំណោមគម្រោងវិនិយោគទាំងនោះភាគច្រើន បានដាក់ទីតាំងវិនិយោគរបស់ខ្លួននៅខេត្តចំនួន២ គឺកណ្ដាល និងខេត្តកំពង់ស្ពឺ ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ស្រូបបានទុនវិនិយោគប្រមាណ៧ពាន់លានដុល្លារអាមេរិកស្មើនឹង១៧ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាចន្លោះពី២ ទៅ៣លាននាក់ទទួលបានអត្ថប្រយោ​ជន៍ពីការវិនិយោគ ក្នុងវិស័យកាត់ដេរនៅកម្ពុជាទាំងផ្ទាល់និងប្រយោល។

ការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា នៅតែបន្តបណ្ដាក់ទុនដោយក្នុងនោះ ទីតាំងសក្ដានុពល សម្រាប់ការវិនិយោគលើវិស័យនេះ មាននៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដោយសារតែខេត្តទាំងពីរនេះជាទីតាំងអំណោយផល និងងាយស្រួលក្នុងការដឹកជញ្ជូន ។

លោកសំ ចំរើនបញ្ញាប្រធានផ្នែកលក់នៃក្រុមហ៊ុនCentury Imperial Realty បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា បានកាត់បន្ថយនូវការធ្វើចំណាកស្រុក របស់ពលរដ្ឋកម្ពុជាទៅកាន់ក្រៅប្រទេស។ អ្វីដែលពិសេសនោះ នៅពេលមានការវិនិយោគលើវិស័យ​នេះ ក្នុងតំបន់ណាមួយនោះ នឹងធ្វើឱ្យដីធ្លីនៅតំបន់នោះឡើងថ្លៃមួយកម្រិតទៀតទោះតិចឬច្រើនក្ដី ។

លោកបន្តថា “នៅក្នុងវិស័យឧស្សាហកម្ម  យើងឃើញថាវិស័យកាត់ដេរ មានការទាក់ទាញនិងបណ្ដាក់ទុនវិនិយោគច្រើនជាងគេ និងបានជួយ ឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើន ទទួលបានការងារធ្វើនិងប្រាក់ចំណូល”។លោកបន្តថា “ការកើនឡើងនៃ ការវិនិយោគលើវិស័យនេះដែរ ក៏បានធ្វើ  ឱ្យតម្រូវការដីធ្លី សម្រាប់សាងសង់រោងចក្រ និងឃ្លាំងជាដើមមានកំណើនផងដែរ”។

លោកសំ ចំរើនបន្ថែមថា យើងបានមើលឃើញជាក់ស្ដែងថា តំបន់នៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងខេត្តកណ្ដាល និងតំបន់មួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ដូចជា បណ្ដោយផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៤១ លេខ៥១និងតំបន់មួយចំនួនទៀតបាន និងកំពុងទាក់ទាញការវិនិយោគខ្លាំងលើរោងចក្រឧស្សាហកម្ម ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ខាងលិចភ្នំពេញ មានការទាក់ទាញ លើរោងចក្រឧស្សាហកម្មច្រើនជាងគេ ក្នុងចំណោមបណ្ដាតំបន់នានានៅជុំវិញរាជធានីភ្នំពេញ ពីព្រោះតំបន់នេះមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលរោងចក្រ និងដឹកទៅកាន់តំបន់ព្រំដែនជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here