លោកបណ្ឌិតហ៊ុន ម៉ាណែតផ្ញើ់រសារជូនពរលោកហ្ស៊ី ជីនពីងដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុនីស្តចិន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូន លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន។

ក្នុងសារលិខិតនេះ លោក ហ៊ុន ម៉ាណែតបានលើកឡើងថា “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយឯកឧត្តម ត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០ កាលពីពេលថ្មីៗនេះ។ សារលិខិតដដែលបានបន្តថា ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជន ថ្នាក់កណ្តាលគណបក្សប្រជា ជនកម្ពុជា (CYCPP) ខ្ញុំសូមសំដែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម

លោកបានបន្តថា “ខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចប់ដោយជោគជ័យ សមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្ត កសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយម កាន់តែជឿនលឿនតាមចរិត លក្ខណៈពិសេសរបស់ចិន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះ ជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតវេហតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេស កំពុងអភិវឌ្ឍន៍។

លោកបន្តថា លើសពីនោះទៅទៀត ភាពបុរសកម្មរបស់គណបក្សកុ  ម្មុយនីស្តចិន ក្នុងការកសាង “សហគមន៍នៃអនាគតរួមគ្នា សម្រាប់មនុស្សជាតិ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។

លោកមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព របស់ លោកហ្ស៊ី ជិនពីង គណបក្សកុម្មុយនីស្តចិន នឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀត សម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ លោកបណ្ឌិតបញ្ជាក់ថា មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធគ្រប់ ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ បានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្ស នៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្ន និងផល ប្រយោជន៍ទៅវិញទៅមក។ ជាការពិត មិត្តភាពនេះ បានក្លាយជាគម្រូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងពេញលេញ ក្នុងការបន្តជម្រុញបន្ថែមនូវមិត្តភាពជាប្រពៃណី រវាងយុវជននៃគណបក្សប្រជាជនកម្ពុជា និងយុវជនរបស់គណបក្សកុម្មុយនីស្តចិន ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ប្រមុខគណបក្សទាំងពីរ កម្ពុជា-ចិន ព្រមទាំងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here