ប្រទេសឡាវជាប់ឈ្មោះជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ បំផុតមួយប្រចាំឆ្នាំ២០២៣

0

ដោយៈ សុខុម

វៀងចន្ទន៍: វាជាមោទកភាពមួយរបស់ប្រទេសឡាវ ដែលត្រូវបានទស្សនាវដ្ដីទេស​ចរណ៍ដ៏ល្បីឈ្មោះរបស់អង់គ្លេស Wanderlust ជ្រើសរើស ឱ្យជាប់ឈ្មោះ ក្នុងចំណោម​គោល​ដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតទាំង២០ ប្រចាំឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែតុលាបានឱ្យដឹង​ថា ប្រទេសឡាវ បានជាប់កំពូលតារាងក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដោយជាប់​ចំណាត់ថ្នាក់លេខ៦ ខណៈប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៨។

អត្ថបទចុះផ្សាយដោយទស្សនាវដ្ដី ដ៏ល្បីឈ្មោះនេះសរសេរថា “យើងសូមណែនាំឱ្យអ្នក​ទាំងអស់គ្នាទៅគយគន់ សម្រស់ដ៏សែនទាក់ទាញនៃរដ្ឋធានីវៀងចន្ទន៍ ហើយកុំភ្លេចបន្តដំណើរទៅកម្សាន្តទៅហ្លួងព្រះបាង”។​ទស្សនាវដ្តីនេះបានសរសេរអួតថា “ទន្ទឹមនេះក៏មានប្រាសាទបុរាណ រហូតដល់ទៅ៣៣ប្រាសាទ មានផ្សាររាត្រីដែលសម្បូរដោយស្តង់លក់ជាជួរយ៉ាងវែង ហើយក៏មានភ្នំមួយ សម្រាប់ឡើងទៅលេងផងដែរឱ្យឈ្មោះថា ភ្នំភូស៊ី (Mount Phou Si)”។

ជនជាតិបរទេសម្នាក់ឈ្មោះ Jason Rolan ដែលជាអ្នកជំនាញ ខាងទេសចរណ៍បានលើកឡើងថា តំបន់មួយចំនួនទៀតរបស់ឡាវ ក៏ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីឈ្មោះគោលដៅទេសចរណ៍ ដ៏គួរទាក់ទាញដែលគួរតែទៅលេងកម្សាន្តផងដែរ។

អ្នកជំនាញរូបនេះបានលើកឡើងទៀតថា “នៅខែមករា ឆ្នាំ២០២៣ ក៏ជាពេល វេលាដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា ទទួលយកបទពិសោធន៍អាកា​សធាតុដ៏ល្អ នៅតាមតំបន់ភាគខាងជើងនៃប្រទេសឡាវ ដូចជាខេត្ត Xieng Khouang ខេត្ត Phongsaly និងខេត្ត Houaphan ផងដែរ”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ជាទូទៅ ភ្ញៀវទេសចរណ៍ជឿថា តំបន់អាស៊ីអាគ្នេយ៍ គឺសុទ្ធតែមានអាកាសធាតុត្រូពិក ប៉ុន្តែនៅកន្លែងទាំងអស់នេះ អ្នកទាំងអស់គ្នា ក៏អាចទទួលបានបទពិសោធន៍អាកាសធាតុដ៏សែនត្រជាក់នៅពេលរំលងអធ្រាត្រ ហើយភ្ញាក់ពីដំណេកព្រឹកឡើងឃើញសុទ្ធតែអ័ព្ទចុះផងដែរ។

ទោះជាយ៉ាងណា វាមិនមែនទាក់ទាញត្រឹមតែ អាកាសធាតុប៉ុណ្ណោះទេ ពោលគឺទេសភាពធម្មជាតិ ក្រុមជនជាតិដើមភាគតិច និងប្រវត្តិសាស្ត្រដ៏សម្បូរបែបនៅទីនេះ ក៏ធ្វើឱ្យកន្លែងទាំងនេះ មានភាពទាក់ទាញខ្លាំងដែលអ្នកចង់ទៅលេងកម្សាន្ត ម្ដងហើយម្ដងទៀតមិនចេះ ជិនណាយផងដែរ”៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here