តើក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពិតជាប្រើ់ប្រាស់កៅស៊ូពិសេសអ៊ុតផ្លូវមែនឬ ខណៈផ្លូវត្រូវបានប៉ះនិងមានទឹករលករួចទៅហើយ

0

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសាកល្បង និងមិនយកប្រាក់រយៈពេល១ខែបានត្រៀមបិទបញ្ចប់ហើយ នៅសល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះ។

សមិទ្ឋផលគួរជាទីមោទនភាព និងជាប្រវត្តិសាស្រ្តសំរាប់កម្ពុជា ពិតជារឿងអបអរសាទរសម្រាប់ប្រជាជាតិនេះ ប៉ុន្តែអ្វីដែលអ្នកបើកបររបស់យើងកក់សំគាល់ឃើញ គឺផ្លូវនេះមានស្នាមប៉ះ និងទឹករលករួចទៅហើយ បើទោះបីជាផ្លូវនេះបើកដំណើរការមិនទាន់បាន១ខែនៅឡើយ។

សាកល្បងបើកបរលើផ្លូវនេះលើកដំបូងកាលពីចុងសប្តាហ៍មុន លោកស៊ីវ ម៉េងមានអារម្មណ៍មិនមានផាសុខភាពទេ គាត់បាននិយាយថា ផ្លូវនេះមិនមានភាពរលោង និងបើកបររលូនដូចផ្លូវជាតិលេខ១ ដែលសាងសង់ដោយក្រុមហ៊ុនជប៉ុននោះទេ វាគ្រឺម និងមានទឹករលក ស្នាមបំណះ ក្នុងគន្លងផ្លូវចាកចេញពីក្រុងព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។

លោកស៊ីវ ម៉េងបាននិយាយថា “ខ្ញុំអបអរសាទរនឹងសមិទ្ឋផលនេះ ប៉ុន្តែខ្ញុំខកចិត្តនៅពេលឃើញស្នាមបំណះ និងមានទឹករលកនៅលើផ្លូវដ៏ថ្មីសន្លាងនេះ”។លោកបន្តថា “ខ្ញុំជឿថាក្រុមហ៊ុនចិន ក៏មានសមត្ថភាពកសា​ងផ្លួវមិនចាញ់ជប៉ុននោះទេ ប៉ុន្តែគុណភាពផ្លូវនេះហាក់ជារឿងអស់សំណើចទៅវិញ”។

លោកស៊ីវ ម៉េងបានបន្តថា យ៉ាងណានេះ មិនមែនជាបន្ទុករបស់រដ្ឋាភិ​បាលទេ តែជាបន្ទុករបស់ក្រុមហ៊ុន ដែលត្រូវមើលថែរផ្លូវនេះ។

បើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនបានប្រើប្រាស់កៅស៊ូពិសេស ដែលមានលក្ខណៈធន់នឹងទឹក និងអាកាសធាតុយកមកក្រាលើផ្លូវល្បឿនលឿននេះ ដើម្បីធានាឲ្យផ្លូវនេះជាប់បានយូរ។

ដំណឹងល្អ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់គ្រ​ង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ​បានសម្រេច​ទម្លាក់​តម្លៃ​ខ្លះ ដើម្បី​ជួយ​សម្រួល​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ប្រភេទ​រថយន្ត​កុងតឺន័រ ​មានលទ្ធភាព​ប្រើប្រាស់​ផ្លូវ​នេះ​ឱ្យមាន​ភាព​មមាញឹក។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក​ហ៊ាង សុធាយុត្តិ ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ​តុលា​ថា ​ការសម្រេច​បញ្ចុះតម្លៃ​ខ្លះ​ពី​សំណាក់​ក្រុមហ៊ុន​ធ្វើឡើង ​ក្រោយ​កិច្ចប្រជុំ​មួយ​រវាង​ក្រសួង​សាធារណការ ​និង​ក្រុមហ៊ុន​ចិន ​China Road and Bridge នាពេល​ថ្មីៗ​នេះ។​

លោក​បន្តថា “យើង​បាន​ដឹកនាំ​ប្រជុំ​ ជាមួយ​ក្រុមហ៊ុន​ជជែក​លើ​តម្លៃ​ដែល​កើតចេញ​ពី​បញ្ហា​មួយចំនួន ​ដូចជា ការ​អូស ​ស្ទូច​ សណ្តោង ​ក្នុង​ករណី​រថយន្ត​ជួប​ឧប្បតិ្តហេតុ​អ្វីមួយ ​និង​តម្លៃ​នៃ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ ក្រ​សួង​បាន​ចរចា​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​បញ្ចុះ​តម្លៃ​ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ក៏​សម្រេច​ទម្លាក់​ខ្លះ។​

​ជា​នីតិវិធី​ក្រុមហ៊ុន​កំណត់​តម្លៃ រីឯ​ក្រសួង​មាន​ភារកិច្ច​ពិនិត្យ ​និង​គាំទ្រ ហើយ​ការប្រកាស​ផ្សព្វផ្សាយ​ពី​តម្លៃ​ប្រើប្រាស់​ផ្លូវ និង​តម្លៃ​អូស ​ស្ទូច ​សណ្តោង ​នឹង​ប្រកាស​នាពេល​ឆាប់ៗ​ ក្រោយ​ភាគី​ទាំង​២​សម្រេច​លើ​តួលេខ​រួម​នៃ​តម្លៃ​។

លោកហ៊ាង សុធាយុត្តិបាន​បញ្ជាក់ថា “បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​អាច​មើល​តម្លៃ​នៅ​ច្រកចូល​បិទ ​ជាប់​ប៉ាណូ​ពណ៌​ខៀវ​ខាងស្ដាំ​ដៃ”។​

ការគិតគូរ​ពី​តម្លៃ ​នៃ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​កើតមាន​បន្ទាប់ពី​វិស័យ​ឯកជន ​និង​ពលរដ្ឋ​ទូទៅ​ស្ទាក់ស្ទើរ​ប្រើប្រាស់​ ព្រោះ​មិនទាន់​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ប្រើប្រាស់​។

លោក​ស៊ិន​ ចន្ធី ​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​ស្វាគមន៍​ចំពោះ​ការគិតគូរ​របស់​ក្រសួង ​មកលើ​វិស័យ​ដឹកជញ្ជូន​ឯកជន ​ហើយ​ក្រុមហ៊ុន​ឯកជន​កំពុង​យកចិត្ត​ទុកដាក់ ​លើ​ការត្រួត​ពិនិត្យ​គុណភាព ​និង​បច្ចេកទេស​យានយន្ត​។

លោកបានបន្ត​ថា យើង​ត្រៀម​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​ដោយ​សុវត្ថិភា​ទាំង​អ្នកបើកបរ ​និង​ការគិតគូ​រលើ​ការត​កន្ទុយ​សណ្តោង ​ហើយ​​យើង​សង្ឃឹមថា ​រដ្ឋាភិបាល​នឹង​សម្របសម្រួល​ បញ្ចុះ​តម្លៃ​ដឹកជញ្ជូន​ឱ្យសមស្រប​។ បើ​តាម​អ្នកជំនួញ​រូបនេះ ​រថយន្ត​កុងតឺន័រ​ ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ទៅវិញ​ទៅមក ​មាន​តម្លៃ​១២០​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here