ដោយៈវឌ្ឈនៈ
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិទាំងពីរនៅខេត្តកណ្តាល និងខេត្តសៀមរាប បានជំរុញឱ្យតំបន់ជុំវិញគម្រោងនោះមានភាពទាក់ទាញពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដោយមកដល់ពេលនេះតំបន់ជុំវិញគម្រោងទាំង២ ក៏នៅតែមានការទាក់ទាញដដែល។
ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding លោកសំ សីហាបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ តុលានេះថា តំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរក្នុងខេត្តសៀមរាប នៅតែជាចំណាប់អារម្មណ៍របស់វិនិយោគិន ទោះបីជាស្ថានភាពនៃវិស័យ អចលនទ្រព្យបច្ចុប្បន្ននេះមិនទាន់មានភាពប្រសើរកក្ដី។
លោកបន្តថា “នៅជុំវិញតំបន់នោះ ឃើញមានអ្នកស្វែងរកទីតាំងវិនិយោគ ទៅតាមសក្ដានុពលនៃតំបន់នោះ ហើយនៅជុំវិញព្រលានយន្តហោះនោះដែរ ក៏មានទីតាំងមួយចំនួនបានត្រៀម សម្រាប់អភិវឌ្ឍជារីសត ជាបឹងហ្កាឡូ ជាដើម ប៉ុន្តែមិនមែននៅជិតគម្រោង អភិវឌ្ឍន៍ព្រលានយន្តហោះនោះទេ”។
លោកបន្ថែមថា សកម្មភាព នៃការវិនិយោគនៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ មិនសូវមានភាពមមាញឹកខ្លាំងនោះទេ ផ្ទុយទៅវិញវាកាន់តែមានភាពស្ងប់ស្ងាត់ជាងមុនទៅទៀត ដែលមាន័យថាការទិញលក់អចលនទ្រព្យ ក្នុងខេត្តសៀមរាបរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺកាន់តែមានចំនួនតិចតួច ។
ក្រលេកទៅមើលព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្ដាលឯណេះវិញ ក៏ឃើញថានៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ប៉ុន្តែនៅជុំវិញតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តនោះគឺភាគច្រើនតែទាក់ទាញទៅលើឧស្សាហកម្ម ដូច្នេះតម្លៃដីធ្លីនៅជុំវិញព្រលានយន្តហោះនេះ ក៏មិនមានតម្លៃខ្ពស់បន្តទៀតដែរ ។
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាឱ្យដឹងថា គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាប គិតត្រឹមដំណាច់ខែកញ្ញា២០២២នេះ សម្រេចបានលទ្ធផលប្រមាណ៤៤ភាគរយ ខណៈព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលសម្រេចបានលទ្ធផលប្រមាណ៤០ភាគរយផងដែរ៕