ដំណឹងល្អ មៀនប៉ៃលិនកម្ពុជាត្រូវបានសម្ពោធជាផ្លូវការដើម្បីនាំចេញទៅប្រទេសចិន

0

ដោយ: សូរិយា

ភ្នំពេញ៖ ជាដំណឹងល្អ ដែលផ្លែមៀនស្រស់កម្ពុជាត្រូវបានរៀបចំពិធីសម្ភោធការនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ  ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

កម្មវិធីនេះដែរ មានការអញ្ញើញចូលរួមពីមន្រ្តីក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្មខេត្តចំនួន៤ មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង សហគមន៍កសិកម្មមៀន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

លោករដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយនឹងការពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។

លោកបានបន្តថា ជាមួយការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ផ្លូវការ ទៅកាន់ប្រទេសនាពេលនេះ ជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ នៅពេលកម្ពុជានឹងបើកការចចារ ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំចេញកសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ម្នាស់ ខ្នូរ គ្រាប់ឈូក និងផលិតផលសម្បុកត្រចៀកកាំជាដើម។ល។

នៅក្នុងពិធីនាឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី៣ ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំនេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន។

លោកបានបន្តថា ការប្រារព្ធពិធីក្នុងថ្ងៃនេះ ដើម្បីធ្វើជាសាក្សី នៃការនាំចេញផ្លែមៀនរបស់កម្ពុជាទៅកាន់ប្រទេសចិនដោយជោគជ័យ នេះជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ ក្រោមការរីករាលដាលនៃកូវីដ១៩។ វានឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

ជុំវិញការសម្រេចបានលទ្ធផលខាងលើនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារ អស់រយៈពេលជាង៣ឆ្នាំ ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន (GACC) បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍របស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១៩ ដល់បំណាច់ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ២លាន៤សែនតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបប្រមាណ១.៩៤២លានដុល្លារ។

ដោយឡែក គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជាទៅប្រទេសចិនសម្រេចបានជាង៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង៤៩១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here