ដោយ: លាងហួរ
ហុងកុង: ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា តម្លៃផ្ទះឯកជន ក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ២,១ភាគរយ នៅក្នុងខែកញ្ញាដល់កម្រិតទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ និងទស្សនវិស័យសេដ្ឋកិច្ចដ៏អាប់អួរ។
ការធ្លាក់ចុះនៃតម្លៃផ្ទះ នៅក្នុងទីផ្សារលំនៅដ្ឋានដ៏ថ្លៃបំផុតមួយរបស់ពិភពលោក កាលពីខែកញ្ញាបានកើតឡើង បន្ទាប់ពីតម្លៃផ្ទះក្នុងខែសីហាបានធ្លាក់ចុះ១,៩ភាគរយ។
សន្ទស្សន៍តម្លៃអចលនទ្រព្យបានឈរនៅ ត្រឹម៣៦២,១ក្នុងខែកញ្ញា ពោលគឺធ្លាក់ចុះ៩ភាគរយ ពីកម្រិតខ្ពស់បំផុត៣៩៨,១ កាលពីខែកញ្ញាឆ្នាំ២០២១។
តម្លៃផ្ទះនៅក្នុងទីក្រុងហុងកុង បានធ្លាក់ចុះ៨,១ភាគរយ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។
ការកើនឡើងនៃថ្លៃកម្ចីទិញផ្ទះ និងទស្សនវិស័យសេដ្ឋកិច្ចដ៏អាក្រក់បានធ្វើឱ្យមានភាពទុទិដ្ឋិនិយមយ៉ាងខ្លាំង ក្នុងចំណោមម្ចាស់ផ្ទះខណៈដែលតម្លៃផ្ទះពេញមួយឆ្នាំត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល១០ភាគរយ ហើយនេះជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក។
លោក Martin Wong នាយក និងជាប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៃតំបន់Greater China នៅទីភ្នាក់ងារអចលនទ្រព្យKnight Frankបាននិយាយថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះក្នុងរយៈពេលដ៏ខ្លី ដែលមួយផ្នែកបណ្តាលមកពីការធ្លាក់ចុះ ដល់កម្រិតទាបបំផុត មិនធ្លាប់មាននៃសន្ទស្សន៍ផ្សារហ៊ុនHang Seng៕