សម្ដេចតេជោសុំការយោគយល់ពីពលរដ្ឋនៅក្រុងភ្នំពេញដែលនឹង ជួបការលំបាកធ្វើដំណើរក្នុងកិច្ចប្រជុំអាស៊ាន

0

  ដោយៈ លក្ខីណា

ភ្នំពេញៈ នៅសប្ដាហ៍ក្រោយនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយមេដឹកនាំអាស៊ាន និងពិភពលោករួមទាំងគណៈប្រតិភូពីប្រទេសទាំងនោះ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចសុំការយោគយល់ ដល់ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលនឹងជួបការលំបាកក្នុងការធ្វើដំណើរ ដោយអាជ្ញាធរនឹងត្រូវបិទផ្លូវមួយចំនួន ពេលប្រតិភូមកពីប្រទេសផ្សេងត្រូវឆ្លងកាត់។

សម្ដេចបានមានប្រសាសន៍ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១ វិច្ឆិកា២០២២ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅក្នុងរាជធានីភ្នំពេញ នឹងមានការជួបការលំបាកបន្តិច ពីព្រោះយើងត្រូវការរៀបចំផ្លូវ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។ ដូច្នេះក៏សូមអភ័យទោសទុកជាមុនសម្រាប់ប្រជាពលរដ្ឋរបស់យើង។

សម្តេចបន្តថា “យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឱ្យស្ទះចរាច​រណ៍ ឬរហូតបង្កឱ្យមានជាបញ្ហាជាមួយនឹងភ្ញៀវរបស់យើង។ ដូច្នេះផ្លូវមួយចំនួនច្បាស់ជាត្រូវបិទ ឬក៏បិទនៅពេលភ្ញៀវត្រូវចេញយើងត្រូវតែបិទ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ”។

សម្ដេចមានប្រសាសន៍បន្តថា ដោយសារកិច្ចប្រជុំខាងមុខនេះចំថ្ងៃឈប់សម្រាកបុណ្យអុំទូក ដូច្នេះប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅលេងនៅតាមបណ្ដាខេត្ត ពីព្រោះថានៅក្នុងកិច្ចប្រជុំនោះ នឹងត្រូវមានការបិទផ្លូវច្រើន ហើយសូម្បីតែសម្ដេចផ្ទាល់ ក៏ប្រហែលជាត្រូវមកស្នាក់នៅ ក្នុងសណ្ឋាគារសុខាបណ្ដោះអាសន្ន ដើម្បីជៀសវាងការធ្វើដំណើរចុះឡើងទៅផ្ទះ ។

សម្ដេចបន្ថែមថា កម្មវិធីកិច្ចប្រជុំនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី៨ វិច្ឆិកា ដោយផ្ដើមដំបូងនូវដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីវៀតណាម ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន។ តែយ៉ាងណាសម្ដេច ក៏មិនអាក់ខានក្នុងការដង្ហែព្រះមហាក្សត្រ ក្នុងការដុតទៀនជ័យនៅព្រឹកថ្ងៃទី៩វិច្ឆិកា២០២២នោះទេ ។

សម្ដេចបញ្ជាក់ថា “តាមរយៈកម្មវិធីដែលមានជាបន្តបន្ទាប់ បណ្ដាផ្លូវនានានៅទីក្រុងភ្នំពេញ នឹងត្រូវបិទបណ្ដោះអាសន្ន ដើម្បីទុកអាទិភាពជូនថ្នាក់ដឹកនាំ និងប្រតិភូអាស៊ានធ្វើដំណើរ”។សម្តេចបន្ថែមថា “ដូច្នេះពលរដ្ឋអាចនឹងពិបាកធ្វើដំណើរបន្តិច ប៉ុន្តែយ៉ាងណាវាជាកិត្តិយសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាស៊ាននិងពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here