ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងសាងសង់កំពង់ផែរណប តាមដងទន្លេចំនួន៧កន្លែង នៅក្នុងអ្វីដែលក្រសួងហៅថា “ផែនការពង្រីកសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកក្នុងប្រទេសកម្ពុជា។
ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ការអភិវឌ្ឍផែរណបតាមដងទន្លេជាបន្តបន្ទាប់ ដើម្បពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក។
គម្រោងចំណតផែរណបតាមដងទន្លេ ចំនួន ៧ កន្លែងរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦) ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UM២) ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាមជាដើម។
ក្នុងនោះមានគម្រោង ៤ កន្លែងបានអនុម័ត ទីមួយគម្រោង ផែរណបគីឡូម៉ែត្រលេខ ៦ ទីពីរគម្រោងផែរណបនៅទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ទីបីផែរណកោះរកាព្រំដែនវៀតណាម និងទីបួនផែរណបបព្រែកតាមាក់។ ចំណែកកំពង់ផែបីទៀត ស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សានៅឡើយ។
ផែរណបនៅទន្លេបិទ កំពុងសាងសង់សម្រេចបានជាង៨៦ភាគរយ និងផែរណបនៅគីឡូលេខ៦ បានបញ្ចប់កំពុងដាក់ដំណើរការរួចហើយ។ នេះបើតាមឲ្យដឹងរបស់លោកស៊ុន ចាន់ថុល។
ថ្លែងក្នុងសន្និសីទកាលពីពេលថ្មីៗនេះ លោកស៊ុន ចាន់ថុល បានមើលឃើញការអភិវឌ្ឍកំពង់ផែរណប តាមផ្លូវទឹកឲ្យច្រើន នឹងរួមចំណែកកាត់បន្ថយការខូចខាតដល់ផ្លូវថ្នល់ ចំណេញពេលវេលា និងបន្ថយថ្លៃដើមលើការដឹកជញ្ជូន។
កម្ពុជាកំពុងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែច្រើនតាមដែលអាចធ្វើបាន ខណៈដែលបណ្តាប្រទេសនៅជិតខាងកម្ពុជា ក៏បានប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគេ៕