សម្តេចតេជោ៖ ការសិក្សាអន្តរជាតិបង្ហាញថាការវិនិយោគជារួមរបស់កម្ពុជានៅដើមឆ្នាំ២០២២កើនឡើងជាង២៣ភាគរយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការសិក្សារបស់វិទ្យាស្ថានអន្តរជាតិថ្មីមួយបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២២នេះ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩​ និងវិបត្តិអតិផរណាក្តី តែផលិតផលក្នុងស្រុកសរុប ការនាំចេញ ឱកាសការងារ ប្រាកចំណូលប្រចាំឆ្នាំ និងកម្រិតការវិនិយោគនៅក្នុងប្រទេសនៅតែបន្តមានកំណើន។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុង​វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សម្តេចតេជោបានមានប្រសាសន៍ថា​ “ការសិក្សារបស់វិទ្យាស្ថាន ERIA សម្រាប់កម្ពុជា នៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយ ទៅ៣,៨ភាគរយ។ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤ភាគរយ ទៅ១៨ភាគរយ។

សម្តេចតេជោបន្តទៀតថា “ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយ ទៅ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ២៣,៤ភាគរយផងដែរ”។

សម្តេចតេជោបានគូសបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋ កិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប។

ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here