ដោយៈ សុខុម
សិង្ហបុរី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group ដែលជាប់បំណុលរំកោះ បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន ទទួលបានការជូនដំណឹងពីធនាគារ Shengjing Bank Co Ltd ឱ្យអនុវត្តកាតព្វកិច្ចសងបំណុលរាប់ពាន់លានដុល្លារ។
ធនាគារ Shengjing Bank និយាយថា ខ្លួនមិនទាន់ទទួលបាននៅឡើយទេនូវទឹកប្រាក់ មានចំនួនសរុប៤,៤៨ពាន់លានដុល្លារអាមេរិក ដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។
-->

កាលពីដើមខែកញ្ញា បណ្ដាក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងភាគខាងជើងស៊ឹនយ៉ាង (Shenyang) ប្រទេសចិន បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នៅក្នុងការដេញថ្លៃក្នុងតម្លៃ៧,៣ពាន់លានយ័ន (ប្រមាណ១ពាន់លានដុល្លារអាមេរិក)។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ភាគហ៊ុន៣០,៩៩%របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនEvergrande ដែលខ្លួនបានសន្យាផ្ដល់ឱ្យធនាគារនេះ ត្រូវបានអនុវត្តហើយពេលនេះ។
ក្រុមហ៊ុនEvergrande ដែលជំពាក់បំណុល រហូតដល់ទៅប្រមាណ៣០០ពាន់លានដុល្លារអាមេរិកបាននិយាយថា អត្រាការប្រាក់លើបំណុលនេះមិនទាន់ត្រូវបានដេញថ្លៃ ឬលក់ឱ្យទៅភាគីទី៣នៅឡើយទេ៕ Reuters៕
