ដំណឹងល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងចូលជាធរមាននៅថ្ងៃទី០១ខែក្រោយ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីបានចរចា និងពិនិត្យឯកសារអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាជាន់ខ្ពស់ស្ដីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ-ខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាព ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូប្រទេសផ្សេងៗទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងក៏ត្រូវបានរដ្ឋសភាកូរ៉េខាងត្បូងផ្ដល់សច្ចាប័នរួចហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងផងដែរថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយដៃគូរបស់ខ្លួន នឹងទាញប្រយោជន៍ដល់កម្ពុជា ក្នុងការជំរុញឱ្យមានការវិនិយោគទៅវិញទៅមក ហើយកម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីប្រទេសដៃគូកិច្ចព្រមព្រៀង បង្កើនទំហំនៃការនាំចេញទំនិញរបស់ខ្លួន ទៅកាន់ប្រទេសកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមផងដែរ។

 

ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជានិងកូរ៉េ ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here