ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកានេះថា អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បាន និងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន។

-->
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចេកវិទ្យា DIP នឹងធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវ និងធានាការធ្វើអាជីវកម្មក្រុមហ៊ុន កាន់តែមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើរឡើង។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចបញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។ ប្រព័ន្ធនេះ គ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ខាងមុខនេះ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក តទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕
