ដោយ៖ សុខុម
អាប៊ូដាប៊ី: សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត បានឈានដល់កិច្ចព្រមព្រៀងបោះទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារ លើគម្រោងថាមពលស្អាត ជាមួយនឹងគោលដៅបន្ថែមថាមពលកម្លាំង១០០ជីហ្គាវ៉ាត់ (GW) នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០៣៥។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ថា រដ្ឋាភិបាលនៃប្រទេសទាំង២បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងរាជធានីអាប៊ូដាប៊ី (Abu Dhabi) ដោយកំណត់ក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា។
លោក Antony Blinken លើកឡើងថា “អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីពន្លឿនការផ្លាស់ប្ដូររួមគ្នារបស់យើងឆ្ពោះទៅប្រើប្រាស់ថាមពលស្អាត”។
ក្រោមគំនិតផ្តួចផ្តើមនេះ អារ៉ាប់រួមអេមីរ៉ាត ដែលជាប្រទេសផលិតប្រេងមួយរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបច្ចេកទេស ការគ្រប់គ្រងគម្រោង និងជំនួញហិរញ្ញប្បទានសម្រាប់គម្រោងថាមពលស្អាតប្រកបដោយនិរន្តរភាព ដែលមានផលល្អទាំងផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៅក្នុងប្រទេសផ្សេងៗទៀត។
ប្រេសិតថាមពលអាមេរិក លោក Amos Hochstein បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដែលយកមកផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប់រួមអេមីរ៉ាត Emirates News Agency (WAM) ថា “រួមគ្នា យើងនឹងជំរុញការវិនិយោគទ្រង់ទ្រាយធំលើបច្ចេកវិទ្យាថាមពលថ្មីៗក្នុងប្រទេសរបស់យើង នៅជុំវិញពិភពលោក និងនៅក្នុងបណ្ដាប្រទេសដែលកំពុងរីកចម្រើន”។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា ការចាប់ដៃគូសហការនេះនឹង “កៀរគរ និងជំរុញ” ការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រពីវិស័យឯកជន និងរដ្ឋសម្រាប់នវានុវត្តន៍ថាមពលស្អាត ការគ្រប់គ្រងឧស្ម័នកាបូន និងមេតាន រ៉េអាក់ទ័រជឿនលឿន រួមទាំងរ៉េអាក់ទ័រខ្នាតតូចៗ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅក្នុងឧស្សាហកម្ម និងការដឹកជញ្ជូន៕