ដោយ៖ សុផារី
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងបន្ដកើនឡើងខ្ពស់ក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ និង៦ភាគរយ នៅឆ្នាំ២០២៣ ខណៈអតិផរណាថយចុះមកត្រឹម៤,៤ភាគរយប៉ុណ្ណោះ។
ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសក្នុងជំនួបសវនាការជាមួយលោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ជា ចាន់តូ បានមានប្រសាសន៍ថា “ស្ថានភាពសេដ្ឋកិច្ចកម្ពុជារំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់៥ភាគរយ នៅឆ្នាំ២០២២ និង៦ភាគរយនៅឆ្នាំ២០២៣។ ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ និងការអនុវត្តគោលនយោបាយគាំទ្រ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល”។
លោកបានបញ្ជាក់ថា ចំពោះអត្រាអតិផរណាបានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ៤,៤ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោល នៅសហរដ្ឋអាមេរិក។ ដោយឡែកប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រកំណើន។
លោក Stefan MESSERER បានថ្លែងថា កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩ ក្នុងរយៈពេលខ្លីខាងមុខនេះ តាមរយៈការសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩របស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាបានត្រៀមខ្លួន រួមចំណែកទាក់ទាញការវិនិយោគ ទេសចរណ៍ និងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរកម្ពុជាអាលឺម៉ង់ឱ្យមានការកើនឡើងថែមជាលំដាប់ផងដែរ៕