ដោយៈ សុខុម
រីយ៉ាដ: ពិភពលោកមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងយ៉ាងខ្លាំង ក្រោយពីធ្លាយព័ត៌មានស្ទើរមិនគួរឱ្យជឿថា មិនយូរទៀតឡើយប្រទេសអារ៉ាប៊ីសាអូឌីត នឹងចាប់ផ្ដើមផលិតនាវាកម្សាន្តធំបំផុត ក្នុងពិភពលោកដែលមានរាងជាសត្វកន្ធាយយក្សដ៏ធំអស្ចារ្យ ជាមួយនឹងតម្លៃខ្ពស់កប់ពពក។
យោងតាមសារព័ត៌មានCNN ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឱ្យដឹងថា ក្រុមហ៊ុនឌីហ្សាញអ៊ីតាលី ដែលមានឈ្មោះថា Lazzarini Company កំពុងត្រៀមផលិតនាវាកម្សាន្តធំបំផុតរបស់ពិភពលោកដែលមានឈ្មោះថា “Pangios” នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្រោងចំណាយអស់រហូតដល់ទៅ៨ពាន់លានដុល្លារ។
-->

តាមការរំពឹងទុក នាវាខ្នាតយក្សនេះ នឹងមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ទៅ៦០.០០០នាក់ ហើយវាប្រៀបបានទៅនឹងទីក្រុងអណ្ដែតទឹកមួយដែល រួមមាន ទាំងក្លឹបឆ្នេរខ្សាច់ ផ្ទះវីឡា និងសូម្បីផ្សារទំនើបទៀតផង។
នាវានេះមានប្រវែង៥០០ម៉ែត្រ និងទទឹង៦១០ម៉ែត្រ ហើយច្រកចូលគឺត្រូវចូលពីខាងក្រោយ តាមច្រករបៀងដ៏ធំមួយ ដែលអនុញ្ញាតឱ្យចូលទៅកាន់ទីក្រុងអណ្ដែតទឹកនេះទាំងមូល។ នាវានេះនឹងដំណើរការដោយម៉ាស៊ីនអគ្គិសនីសុទ្ធប្រភេទ HTS ចំនួន៩។
យោងតាមគណនី YouTube មួយដែលមានឈ្មោះថា MTI Most Top Info ឱ្យដឹងថា គម្រោងនាវាខ្នាតយក្សនេះ អាចនឹងសាងសង់បញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើមផលិតនោះឡើយ៕ CNN៕
