ដោយ៖ សុផារី
កំពង់ចាម៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលគ្រោងចំណាយថវិកាសរុបជាង១១៤លានដុល្លាសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃតីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
-->
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និង ដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរអាចសហការការងារបានរលូនប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម។

រដ្ឋាភិបាលនិងក្រុមហ៊ុនចិនក៏បានបែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំសណ្ដាប់ធ្នាប់ទីតាំងការដ្ឋាន និងត្រៀមផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧នេះ នាពេលឆាប់ៗខាងមុខ។ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង៤៥,៥០គីឡូម៉ែត្រ គិតចាប់ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកាសរុបប្រមាណ១១៤,៨៩លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយពេលសាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន៕
