អ្នកជំនាញ៖ ដីធំប្រៀបដូចជាវត្ថុធាតុដើមសម្រាប់ទៅកែច្នៃតាមតម្រូវការជាក់ស្តែង បរិបទថ្មី និងការវិវត្តនៃសង្គម

0

ដោយ៖ សុផារី

ភ្នំពេញ៖ ដរាបណាមានការអភិវឌ្ឍអចលនទ្រព្យ នោះតម្រូវការប្រើប្រាស់ដីធ្លីនឹងនៅតែមានកំណើនខ្ពស់ជាពិសេសនៅក្នុងតំបន់ ដែលមានការអភិវឌ្ឍពីសំណាក់គម្រោងរដ្ឋាភិបាល និងឯកជនធំៗ។ អ្នកជំនាញអចលនទ្រព្យមួយរូបលើកឡើងថា ដីធំប្រៀបដូចជាវត្ថុធាតុដើមសម្រាប់ទៅកែច្នៃតាមតម្រូវការជាក់ស្តែង បរិបទថ្មី និងការវិវត្តនៃសង្គម។

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property Solution Co., Ltd បានចែករំលែកតាមបណ្តាញសង្គមកាលពីថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញថា ដីធំប្រៀបដូចជាវត្ថុធាតុដើម ដែលគេអាចយកទៅកែឆ្នៃតាមតម្រូវការជាក់ស្តែង បរិបទថ្មី និងការវិវត្តន៍នៃសង្គម។

លោកបានមានប្រសាសន៍ថា នាពេលអនាគត ប្រភេទដីឡូត៍នឹងមិនសូវមានតម្រូវការប្រើប្រាស់ច្រើននោះទេ ហើយមិនសូវមានការនិយមមានដី១ ឬ២ឡូត៍ សង់ផ្ទះល្វែងសម្រាប់រស់នៅ ឬសង់បន្ទប់ជួលតូចៗទៀតនោះទេ។

ផ្ទុយទៅវិញ អ្នកវិនិយោគត្រូវការដីធំធ្លី ដែលមានទំហំធំៗ រាប់ហិចតា ដើម្បីសង់ជាបុរី ស្ថានីយ៍ប្រេងឥន្ធនៈ ដែលមានហាងទំនិញក្នុងនោះ ឬរបៀបជាផ្លាហ្សា Community Mall ជាដើម ឬគេសង់បន្ទប់ជួលជាច្រើនជាន់ ឬច្រើនបន្ទប់ ជាជាងការទិញដីឡូត៍សម្រាប់រស់នៅ ឬសង់បន្ទប់ជួលតូចៗ។

អ្នកជំនាញរូបនេះបានសរសេរថា “ប្រសិនបើបងប្អូនទិញ ដើម្បីវិនិយោគរកប្រាក់ចំណេញបានច្រើន ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទិញដីធំទំហំចាប់ពី២.០០០ម៉ែត្រការ៉េឡើងទៅ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីវត្តភ្នំ ដែលជាប្រភេទដីនៅលើផ្លូវធំ ឬគម្រោងផ្លូវធំ មានទំហំផ្លូវចាប់ពី២០ម៉ែត្រឡើងទៅ”។

យ៉ាងណាក្តី លោកលើកឡើងថា ប្រសិនបើមានធនធានហិរញ្ញវត្ថុ និងមានតម្រូវការប្រើប្រាស់អចលនវត្ថុ រួមទាំង ដីទំហំធំ ដីឡូត៍ ផ្ទះល្វែង ផ្ទះវីឡា ខុនដូ ជាដើម ពេលនេះជាឱកាសល្អបំផុតដែលអាចចាប់យកឱកាស ដើម្បីទិញបានតម្លៃទាបជាងទីផ្សារ ជាពិសេសទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ ដែលអតិថិជនអាចចចារបាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here